សេចក្តីប្រកាសព័ត៌មាន៖ ការចូលរួមព្រឹត្តិការណ៍ទីផ្សារមាតិកានិងភាពយន្តអាស៉ីរបស់កម្ពុជា ក្នុងគោលបំណងពង្រីកទីផ្សារភាពយន្ត និងការផ្សព្វផ្សាយ និងទាក់ទាញការផលិតភាពយន្តមកកម្ពុជា
16-10-2026 13:32
(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំផលិតកម្មភាពយន្តកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ទីផ្សារមាតិកានិងភាពយន្តអាស៊ី (Asian Contents & Film Market – ACFM 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល BEXCO ទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ស្របពេលជាមួយមហោស្រពភាពយន្តអន្តរជាតិប៊ូសាន(Busan International Film Festival – BIFF) ដែលជាព្រឹត្តិការណ៍ភាពយន្តដ៏សំខាន់មួយនៅអាស៊ី និងមានការចូលរួមពីផលិតករ អ្នកចែកចាយ អ្នកវិនិយោគ និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តមកពីបណ្តាប្រទេសនានា។
បើតាមសេចក្តីប្រកាសព័ត៌មាន ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ពីរ។ ទីមួយ គឺការផ្សព្វផ្សាយកម្ពុជាជាគោលដៅថតភាពយន្តអន្តរជាតិ តាមរយៈការបង្ហាញសក្តានុពលនៃទីតាំងថត និងលក្ខខណ្ឌគាំទ្រដល់ការផលិតភាពយន្តនៅកម្ពុជា។ ទីពីរ គឺការផ្សព្វផ្សាយស្នាដៃនិងគម្រោងភាពយន្ត(IP)របស់ផលិតករកម្ពុជា ដើម្បីស្វែងរកទីផ្សារ អ្នកទិញ អ្នកចែកចាយ និងដៃគូសហផលិតភាពយន្តនៅក្នុងតំបន់ និងអន្តរជាតិ។
ក្នុងឱកាសនេះ នាយកដ្ឋានបានរៀបចំស្តង់តាំងពិព័រណ៍កម្ពុជា ដោយមានការចូលរួមពីផលិតកម្មភាពយន្តកម្ពុជាធំៗចំនួន៧ រួមមាន BLACKBOX ENTERTAINMENT, KONGCHAK PICTURES, LD PICTURE, MEDIALOAD, PALM FILM PRODUCTION, SASTRA និង TINY FILM។ ស្តង់កម្ពុជាបានផ្តល់ឱកាសឱ្យផលិតកម្មទាំងនេះបង្ហាញសមត្ថភាពផលិតកម្ម ស្នាដៃ និងគម្រោងភាពយន្តរបស់ខ្លួន ព្រមទាំងជួបពិភាក្សាជាមួយអ្នកទិញ អ្នកចែកចាយ និងដៃគូអន្តរជាតិ ដើម្បីស្វែងរកលទ្ធភាពចែកចាយស្នាដៃទៅកាន់ទីផ្សារបរទេស រួមទាំងការចាក់បញ្ចាំងក្នុងរោងភាពយន្ត និងការចែកចាយតាមប្រព័ន្ធអនឡាញ។
ក្រោមពាក្យស្លោក «កម្ពុជា ជាគោលដៅបន្ទាប់សម្រាប់ថតភាពយន្តរបស់អ្នក(Cambodia, Your Next Film Destination)» កម្ពុជាបានបង្ហាញសក្តានុពលរបស់ខ្លួនជាគោលដៅថតភាពយន្តអន្តរជាតិ ដោយផ្តោតលើភាពសម្បូរបែបនៃទីតាំងថត ដែលមានទាំងតំបន់ទីក្រុង ទេសភាពធម្មជាតិ តំបន់ជនបទ ស្ថាបត្យកម្មបុរាណ សំណង់អគារដែលមានលក្ខណៈពិសេស និងសម្បត្តិបេតិកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រ។ ទីតាំងទាំងនេះអាចបំពេញតម្រូវការរបស់ផលិតករដែលកំពុងស្វែងរកទេសភាព និងបរិយាកាសថ្មីៗ ដែលមានលក្ខណៈប្លែក និងមិនទាន់ត្រូវបានបង្ហាញយ៉ាងទូលំទូលាយក្នុងស្នាដៃភាពយន្តអន្តរជាតិ។
ក្រៅពីសក្តានុពលនៃទីតាំងថត កត្តាសំខាន់ៗដែលផលិតករអន្តរជាតិពិចារណាមុនសម្រេចចិត្តនាំយកគម្រោងមកផលិតនៅប្រទេសណាមួយ រួមមានភាពសមស្របនៃទីតាំងថត ការគាំទ្រនិងការលើកទឹកចិត្តពីរដ្ឋាភិបាល ធនធានមនុស្សនិងជំនាញបច្ចេកទេស ព្រមទាំងកម្រិតចំណាយផលិតកម្ម។ កម្ពុជាបានផ្សព្វផ្សាយពីចំណុចខ្លាំងទាំងនេះ ជាពិសេសកម្លាំងពលកម្មដែលមានជំនាញក្នុងស្រុក និងការចំណាយផលិតកម្មដែលមានភាពប្រកួតប្រជែង បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។ ជាមួយគ្នានេះ ការសម្រួលនីតិវិធីស្នើសុំលិខិតអនុញ្ញាតថតភាពយន្ត ក៏ជាចំណុចសំខាន់មួយដែលកម្ពុជាបានយកទៅផ្សព្វផ្សាយដល់ផលិតករអន្តរជាតិ។
ការសម្របសម្រួលឱ្យមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព អាចជួយកាត់បន្ថយភាពស្មុគស្មាញ និងពេលវេលាក្នុងការរៀបចំផលិតកម្ម។ លើសពីនេះ ក៏មានការផ្សព្វផ្សាយអំពីការគាំទ្រ និងការលើកទឹកចិត្តពាក់ព័ន្ធនឹងការនាំចូលឧបករណ៍សម្រាប់ការថត ការអនុគ្រោះពន្ធតាមលក្ខខណ្ឌជាធរមាន និងការសម្របសម្រួលពាក់ព័ន្ធនឹងទីតាំងថត ដើម្បីឱ្យផលិតករអន្តរជាតិអាចស្វែងយល់ពីលទ្ធភាពផលិតភាពយន្តនៅកម្ពុជាបានកាន់តែច្បាស់លាស់។
ក្នុងក្របខណ្ឌនេះ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ លោកស្រី ឆន រតនា ប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បានចូលរួមធ្វើបទបង្ហាញស្តីពី «ការទាក់ទាញការថតភាពយន្តនៅកម្ពុជា ក្រោមពាក្យស្លោក Cambodia, Your Next Film Destination» ក្នុងកម្មវិធី AFCNet Member Spotlight។ កម្មវិធីនេះក៏មានការចូលរួមធ្វើបទបង្ហាញពីតំណាងគណៈកម្មការភាពយន្តតៃប៉ិ ការិយាល័យភាពយន្តថៃ និងការិយាល័យភាពយន្តហ្វីលីពីនផងដែរ។
បទបង្ហាញរបស់កម្ពុជាបានផ្តោតលើការបង្ហាញពីភាពទាក់ទាញនៃទីតាំងថត កម្លាំងធនធានមនុស្ស ជំនាញបច្ចេកទេស ការចំណាយផលិតកម្ម និងការគាំទ្រពីរាជរដ្ឋាភិបាល ព្រមទាំងការសម្របសម្រួលនីតិវិធីអនុញ្ញាតថត។ ខ្លឹមសារសំខាន់នៃបទបង្ហាញគឺថា កម្ពុជាមិនត្រឹមតែមានសក្តានុពលផ្នែកវប្បធម៌ និងទេសភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានឱកាសសម្រាប់ផលិតករអន្តរជាតិក្នុងការស្វែងរកទីតាំងថ្មីប្លែក និងបង្កើតស្នាដៃដែលមានអត្តសញ្ញាណខុសពីទីតាំងដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុងភាពយន្តជាច្រើន។
គោលបំណងទីពីរនៃការចូលរួមACFM 2026 គឺការនាំយកស្នាដៃនិងគម្រោងភាពយន្តរបស់ផលិតករកម្ពុជាទៅបង្ហាញដល់ទីផ្សារអន្តរជាតិ។ តាមរយៈសៀវភៅកាតាឡុកភាពយន្តកម្ពុជា និងសកម្មភាពផ្សព្វផ្សាយនៅស្តង់ ផលិតកម្មដែលចូលរួមមានឱកាសណែនាំស្នាដៃរបស់ខ្លួនដល់អ្នកទិញ និងអ្នកចែកចាយពីបណ្តាប្រទេសនានា ដើម្បីស្វែងរកលទ្ធភាពទិញសិទ្ធិចែកចាយ និងនាំយកភាពយន្តទៅចាក់បញ្ចាំងនៅទីផ្សារផ្សេងៗ ទាំងតាមរោងភាពយន្ត និងតាមវេទិកាឌីជីថល។ ការជួបពិភាក្សាផ្ទាល់រវាងផលិតករ និងដៃគូអន្តរជាតិ គឺជាផ្នែកសំខាន់មួយនៃការចូលរួមក្នុងទីផ្សារភាពយន្ត ព្រោះវាអាចជួយឱ្យផលិតករណែនាំពីសក្តានុពលនៃស្នាដៃរបស់ខ្លួន ស្វែងយល់ពីតម្រូវការទីផ្សារ និងពិភាក្សាអំពីឱកាសអាជីវកម្មជាក់ស្តែង។
ទោះបីការចាប់អារម្មណ៍នៅក្នុងជំនួបដំបូងមិនទាន់មានន័យថាជាកិច្ចព្រមព្រៀងទិញលក់ក៏ដោយ ក៏វាជាជំហានសំខាន់ក្នុងការកសាងទំនាក់ទំនង និងពង្រីកលទ្ធភាពចែកចាយស្នាដៃភាពយន្តកម្ពុជាទៅកាន់ពិភពលោក។ ក្រៅពីការស្វែងរកទីផ្សារសម្រាប់ស្នាដៃដែលបានផលិតរួច ការចូលរួមក្នុងព្រឹត្តិការណ៍នេះក៏បើកឱកាសឱ្យផលិតករកម្ពុជាជួបពិភាក្សាជាមួយផលិតករ និងដៃគូដែលមានបទពិសោធ ធនធាន ឬលទ្ធភាពគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍគម្រោងភាពយន្តថ្មីៗ និងស្វែងរកកិច្ចសហផលិតអន្តរជាតិ។ ការតភ្ជាប់ទាំងនេះអាចជួយឱ្យគម្រោងភាពយន្តក្នុងស្រុកទទួលបានការចាប់អារម្មណ៍ និងមានលទ្ធភាពឈានទៅដំណាក់កាលអភិវឌ្ឍ ឬផលិតជាក់ស្តែងនាពេលអនាគត។
ការចូលរួមក្នុងរយៈពេលបួនថ្ងៃនេះបានបង្កើតឱកាសជួបពិភាក្សាជាច្រើនរវាងផលិតករនិងដៃគូអន្តរជាតិ ដោយមានជំនួបប្រមាណជាងពីររយជំនួប។ ជាមួយគ្នានេះ គម្រោងភាពយន្តមួយចំនួនក៏ទទួលបានការចាប់អារម្មណ៍ពីដៃគូដែលអាចចូលរួមសហការនាពេលអនាគត។
ជាមួយគ្នានេះ ការចូលរួមរបស់កញ្ញា ស៊ីន យូប៊ីន តារាសម្តែងកម្ពុជា ទូតសុឆន្ទៈនៃមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា និងម្ចាស់ពានរង្វាន់តួសម្តែងស្រីឆ្នើមប្រចាំមហោស្រពភាពយន្តជាតិឆ្នាំ២០១៧ ក៏បានរួមចំណែកក្នុងការលើកកម្ពស់ភាពមើលឃើញរបស់ភាពយន្តកម្ពុជា និងអត្តសញ្ញាណវប្បធម៌ខ្មែរនៅក្នុងបរិយាកាសអន្តរជាតិ។ វត្តមានរបស់សិល្បករកម្ពុជាក្នុងព្រឹត្តិការណ៍នេះក៏បង្ហាញពីតួនាទីរបស់សិល្បៈ និងសិល្បករក្នុងការតភ្ជាប់វប្បធម៌ និងជំរុញការយល់ដឹងអំពីស្នាដៃច្នៃប្រឌិតរបស់កម្ពុជា។
ការចូលរួមរបស់នាយកដ្ឋាននិងផលិតកម្មភាពយន្តកម្ពុជាក្នុង ACFM 2026 គឺជាឱកាសសម្រាប់ពង្រីកបណ្តាញទំនាក់ទំនង បង្ហាញសក្តានុពលរបស់កម្ពុជាជាគោលដៅថតភាពយន្ត និងនាំយកស្នាដៃរបស់ផលិតករក្នុងស្រុកទៅជួបទីផ្សារអន្តរជាតិ។
ទន្ទឹមនឹងនេះ វាក៏ជាមូលដ្ឋានសម្រាប់ការតាមដានជំនួបអាជីវកម្ម ការអភិវឌ្ឍគម្រោង និងការបន្តកិច្ចសហការជាមួយដៃគូដែលបានជួបក្នុងព្រឹត្តិការណ៍។ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបន្តជំរុញកិច្ចសហការរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដើម្បីអភិវឌ្ឍឧស្សាហកម្មភាពយន្តជាតិ ពង្រីកទីផ្សារសម្រាប់ស្នាដៃភាពយន្តកម្ពុជា ទាក់ទាញផលិតកម្មអន្តរជាតិ និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងស្នាដៃច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ទស្សនិកជនជុំវិញពិភពលោក។
កម្ពុជា គោលដៅថ្មីសម្រាប់ការថតភាពយន្ត និងជាដៃគូសម្រាប់ការបង្កើតស្នាដៃភាពយន្តទៅកាន់ពិភពលោក៕











