រយៈពេល១ឆ្នាំ គណៈមេធាវីកម្ពុជាផ្តល់សេវាការពារក្តីជូនជនក្រីក្រ និងអនីតិជនជាង១៥,០០០នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ និងផ្តល់ជំនួយផ្លូវច្បាប់
16-10-2026 13:17
(ភ្នំពេញ)៖ យោងតាមរយៈការណ៍រយៈពេល១ឆ្នាំ គឺចាប់ពីខែកញ្ញា ដល់ខែសីហា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនយ៉ាងសកម្ម ដោយបានចាត់តាំងមេធាវីការពារក្តីជូនជនក្រីក្រ ចំនួន ៨,៧៤២ករណី ដែលមានកូនក្តីចំនួន ១៥,៣៦៥នាក់។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់គណៈមេធាវី ក្នុងការធានាឱ្យមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលខ្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុ។
ក្នុងរបាយការណ៍ដែលបង្ហាញនៅក្នុងមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងចំណោមករណីទាំងនោះរឿងក្តីអនីតិជន ដែលមានទំនាស់នឹងច្បាប់មានចំនួន ២,៩៧៧ករណី ដោយមានកូនក្តីជាអនីតិជនចំនួន ៥,៣៦៦នាក់។ ការយកចិត្តទុកដាក់លើករណីអនីតិជននេះ ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវសង្គម និងការការពារសិទ្ធិកុមារឱ្យបានពេញលេញ។ លើសពីនេះ គណៈមេធាវីក៏បានផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតកម្រៃបានចំនួន ៤៥៦ករណីផងដែរ។
ដោយអនុវត្តតាមគោលនយោបាយដែលបានដាក់ចេញគណៈមេធាវី នៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយផ្លូវច្បាប់ដល់ជនក្រីក្រ នៅទូទាំងប្រទេស ដោយមានមេធាវីស្ម័គ្រចិត្តចំនួន ៧៣៧រូប (ស្រ្តី២១២រូប) បានចូលរួមក្នុងការផ្តល់សេវាការពារនេះ ។
ក្នុង១ឆ្នាំកន្លងមកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តផ្តល់ថវិកាចំនួន ២,៩០០លានរៀល ជូនគណៈមេធាវីសម្រាប់ពង្រីកការចូលរួមបម្រើវិស័យយុត្តិធម៌ និងការលើកកម្ពស់យុត្តិធម៌សង្គមផ្តោតសំខាន់លើសកម្មភាពចំនួន២ គឺការការពារក្តី និងការប្រឹក្សាយោបល់ផ្នែកច្បាប់ជូនជនក្រីក្រ និងការ ផ្តល់ការការពារក្តីជូនស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាក្នុងនោះ៖
*ថវិកាជាជំនួយឧបត្ថម្ភ តាមរយៈក្រសួងយុត្តិធម៌ ចំនួន២,៦០០លានរៀល ក្នុង១ឆ្នាំ ដែលថវិកានេះអាចទូទាត់ចំណាយបានចំនួន ៨,៧៤២សំណុំរឿង និងការប្រឹក្សាយោបល់បានចំនួន ៤៥៦ករណី។
*ចំណែកថវិកា ជាជំនួយឧបត្ថម្ភតាមរយៈក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ចំនួន ៣០០លានរៀល ក្នុងមួយឆ្នាំ គឺគណៈមេធាវី បានផ្តល់មេធាវីជួយការពារជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះ ដោយអំពើហិង្សាបានចំនួន ២៥៥ករណី មានស្រ្តីរងគ្រោះចំនួន ៣៥៣នាក់ ក្នុងនោះក្មេងស្រីរងគ្រោះចំនួន ២៨៤នាក់។
ដោយសារប្រសិទ្ធិភាពនៃការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ករណីគ្រឿងញៀន និងការណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ធ្វើឱ្យចំនួនរឿងក្ដីជនក្រីក្រ ជនងាយរងគ្រោះដែលស្នើសុំការការពារមកគណៈមេធាវី មានការកើនឡើង។ ហេតុដូច្នេះគណៈមេធាវី បានលើកទឹកចិត្តដល់ប្រតិភូគណៈមេធាវីប្រចាំរាជធានី/ខេត្ត និងគ្រប់សាលាជម្រះក្តី និងមេធាវីស្ម័គ្រចិត្ត ព្រមទាំងមេធាវីកម្មសិក្សា ឱ្យជួយផ្តល់ការការពារក្តីជូនជនក្រីក្រ ដោយមិនយកប្រាក់ឧបត្ថម្ភ ដែលប្រតិភូគណៈមេធាវីម្នាក់ត្រូវលះបង់ចំនួន៣ រឿងក្តី រីឯមេធាវីស្ម័គ្រចិត្តប្រចាំនៅតាមប្រតិភូត្រូវលះបង់ចំនួន១ រឿងក្តីក្នុងម្នាក់ និងមេធាវីកម្មសិក្សាត្រូវលះបង់ចំនួន៣ រឿងក្តីក្នុងម្នាក់។
ជាលទ្ធផលក្នុងរយៈពេល១ឆ្នាំមកនេះ គណៈមេធាវី បានចាត់តាំងមេធាវីស្ម័គ្រចិត្តការពារក្តី ដោយមិនទទួលយកប្រាក់ឧបត្ថម្ភបានចំនួន ៨៣៤ករណី មានកូនក្តីចំនួន ១,៤៤៧រូប។
គណៈមេធាវីកម្ពុជា ក្រោមការដឹកនាំរបស់លោក សាំង វណ្ណៈ ជាប្រធានគណៈមេធាវីអាណត្តិ ដែលមានរយៈពេល២ឆ្នាំ បានបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវី ដោយបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញការងារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាព កិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
លោកមេធាវី សាំង វណ្ណៈ បានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំ នៃអាណត្តិដឹកនាំរបស់លោកបានដោះស្រាយបញ្ហាប្រឈម និងសំណូមពរយ៉ាងច្រើន និងបានអនុវត្តគោលនយោបាយ ៩ចំណុចសម្រេចបានលទ្ធផលផ្លែផ្កាជាអាទិ៍៖
*បានចូលរួមសហការជាមួយ រាជរដ្ឋាភិបាល និងស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗ
*បានកសាងសាលវិបុលភាព (សាលពហុបំណង) ដើម្បីបណ្តុះបណ្តាលជំនាញ សាលប្រជុំ និងកន្លែងបដិសណ្ឋារកិច្ច
*បានទំនើបកម្មវេបសាយ និងអែប (App) របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
*ការបណ្តុះបណ្តាលជំនាញជំនួយការមេធាវី
*ការប្រឡងប្រជែងសិស្សមេធាវីជំនាន់២០ ដោយសមត្ថភាព «ចេះជាងគេ គឺជាប់»
*ទទួលបានការរៀបចំធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំសមាគមន៍អ្នកច្បាប់អាស៊ានកម្ពុជា (ALA) ឆ្នាំ២០២៨ ដែលមានការគាំទ្រឯកភាពពីប្រមុខរាជរដ្ឋាភិបាល
*ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ៤០០លានរៀល នាពេលថ្មីៗនេះ បន្ថែមលើថវិកាអនុវត្តស្រាប់ ២៦០០លានរៀល ក្នុងកិច្ចការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះ តាមរយៈក្រសួងយុត្តិធម៌ជាសេនាធិការ
*បានចូលរួមរៀបចំវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយក្រសួងយុត្តិធម៌ រហូតទទួលបានផ្លែផ្កាជាមរតកប្រវត្តិសាស្ត្រ៕









































