ថ្លែងទៅកាន់កិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ការបង្ក្រាបស្កេម គួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នា ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ
16-10-2026 09:51
(បាគូ, អាស៊ែបៃហ្សង់)៖ ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថាស្កេម គឺជាកិច្ចអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពដទៃទៀត ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំកំពូលសន្តិសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីលើកទី៧ រៀបចំឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។ អង្គការតំបន់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានរដ្ឋជាសមាជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគីស្ថាន វៀតណាម និងឡាវ។
ប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ។
សន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ីលើកទី៧ ត្រូវបានធ្វើឡើងក្រោមមូលបទក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅអាស៊ី»។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា CICA គួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេេចថា ក្នុងពិភពលោកដែលកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថលឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយសកម្មភាពរបស់ប្រទេសណាមួយ តែឯកឯងបានឡើយ។ ដូច្នេះកម្ពុជាគាំទ្រដល់ការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់, ការកសាងសមត្ថភាព និងភាពធន់ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការប្រយុត្ធប្រឆាំងនឹងបទល្មើសទាំងនេះ គួរតែត្រូវបានអនុវត្តដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យជាតិ, ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។
សម្តេចមហាបវរធិបតី ក៏បានឆ្លៀតរំលឹកព្រឹត្តិការណ៍សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរ។ សម្តេចបានគូសរំលេចថា សន្និសីទនេះ មានការចូលរួមពីតំណាងនៃប្រទេសចំនួន២៦ និងអង្គការអន្តរជាតិចំនួន ៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ព្រមទាំងការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងសកម្មភាពរួម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែនដែលកំពុងកើនឡើងនេះ៕













