FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងនាមជារដ្ឋសមាជិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA

16-10-2026 09:34

(បាគូ, អាស៊ែបៃហ្សង់)៖ កិច្ចប្រជុំកំពូលលើកទី៧នៃ CICA ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីមេដឹកនាំកំពូល និងមន្ត្រី​ជាន់ខ្ពស់នៃ​រដ្ឋជាសមាជិក និងរដ្ឋសង្កេតការណ៍។ កិច្ចប្រជុំកំពូលនេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋ​មន្ត្រីការ​បរទេសចិន និងរុស្ស៊ីដែរ។

សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋា​ភិបាល​មួយ​ដែល​បង្កើត​ឡើង​​ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិ​សុខ និងស្ថិរភាពនៅក្នុង​តំបន់​អាស៊ី។ អង្គការតំបន់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានរដ្ឋជា​សមា​ជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគី​ស្ថាន វៀតណាម និងឡាវ។

ប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និង​សហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលនាថ្ងៃម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​នាមជាមេដឹកនាំនៃរដ្ឋ​សមាជិកសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានមើលឃើញពីតួនាទី​ដ៏សំខាន់របស់អង្គការតំបន់មួយនេះ សម្រាប់ការសន្ទនា, ការកសាងទំនុកចិត្ត, កិច្ច​សហប្រតិបត្តិការ និងការសម្រេចចិត្តដោយផ្អែកលើការសម្រេចជាឯកច្ឆន្ទ។

សម្តេចមហាបវរធិបតី ក៏បានគូសរំលេចពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បន្តថាការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា, ជម្លោះអូសបន្លាយ, ការបែកបាក់ផ្នែកសេដ្ឋកិច្ច, ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ កំពុងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់ នៃពហុភាគីនិយម។

សម្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងបរិបទនេះ, គោលការណ៍នានា ដែលបានបញ្ជាក់ឡើង​វិញ​នៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងបាគូ រួមមាន៖ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ, សមភាពអធិបតេយ្យភាព,បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនគ្រាន់តែ​ជាបំណង​ប្រាថ្នានោះទេ ប៉ុន្តែគឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាព។ កម្ពុជាជឿជាក់យ៉ាង​មុតមាំ​ថា គោលការណ៍ទាំងនេះ ត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់រដ្ឋទាំងអស់។

ក្នុងកិច្ចប្រជុំកំពូលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាមេដឹកនាំកម្ពុជា ដែលជារដ្ឋសមាជិកមួយរបស់ CICA ដែរនោះ សម្តេចបានលើកនូវកិច្ចការអាទិភាពចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសសមាជិករបស់ CICA។ ការងារអាទិភាពទាំង៤នោះរួមមាន៖

១៖ កម្ពុជាបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងមុតមាំចំពោះការប្រែក្លាយ CICA ទៅជាអង្គការអន្តរជាតិ​ពេញ​លេញមួយ។ កម្ពុជានឹងធ្វើការរួមគ្នាជាមួយរដ្ឋសមាជិកដទៃទៀត ដើម្បីជំរុញការអនុវត្ត «ផែនទីបង្ហាញផ្លូ​វ​សម្រាប់បរិវត្តកម្ម CICA» និងសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតក្នុងការចរចាលើធម្មនុញ្ញរបស់ CICA។ កម្ពុជាមានក្តីសោមនស្សដែលបានផ្តល់សច្ចាប័នលើ «អនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់លេខាធិ​ការដ្ឋាន CICA បុគ្គលិក និងតំណាងរបស់ខ្លួន» ហើយលិខិតុបករណ៍នៃការផ្តល់សច្ចាប័ននេះ ក៏ត្រូវបានតម្កល់ទុកនៅលេខាធិការដ្ឋាន CICA រួចរាល់ផងដែរ។

២៖ កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែ​ស៊ីជម្រៅដែល​រួម​មាន​ការ​ជំរុញសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិក CICA, ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលមានភាពធន់, សន្តិសុខថាមពល, ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជា ក៏ស្វាគមន៍ចំពោះកិច្ចសហប្រតិ​បត្តិការ​កាន់តែទូលំទូលាយលើវិស័យទេសចរណ៍, អប់រំ, នវានុវត្តន៍ និងការផ្លាស់ប្តូររវាង​ប្រជាជន និងប្រជា​ជន។

៣៖ CICA គួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែនតាមប្រព័ន្ធបច្ចេក វិទ្យា។ នៅក្នុងពិភពលោកដែលកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថល ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយសកម្មភាពរបស់ប្រទេសណាមួយ តែឯកឯងបាន​ឡើយ។ ដូច្នេះ កម្ពុជាគាំទ្រដល់ការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់, ការកសាងសមត្ថភាព និងភាពធន់ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការ​បែបនេះ​គួរតែត្រូវបានអនុវត្ត ដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យជាតិ, ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ​សហប្រជាជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញ​ទៅ​មក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។

ត្រង់ចំណុចនេះ សម្តេចមហាបវរធិបតី ក៏បានរំលឹកព្រឹត្តិការណ៍សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​នឹងការ​​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ ដោយមានការចូលរួមពីតំណាងនៃប្រទេសចំនួន ២៦ និងអង្គការអន្តរជាតិចំនួន ៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហ​ប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ព្រមទាំងការអនុម័ត​សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹង​សកម្មភាពរួម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែនដែលកំពុងកើនឡើងនេះ។

៤៖ កម្ពុជាលើកទឹកចិត្តឱ្យមានការបំពេញបន្ថែមគ្នាកាន់តែរឹងមាំរវាង CICA និង អង្គការក្នុងតំបន់ និងអន្តរ​ជាតិ​ដទៃទៀត ជាពិសេស អង្គការសហប្រជាជាតិ ដែលនៅតែមានតួនាទីស្នូលក្នុងប្រព័ន្ធពហុភាគី។ កិច្ចសហ​ប្រតិបត្តិការអន្តរជាតិដែលកាន់តែរឹងមាំ អាចរួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់អន្តរជាតិមួយ ដែលកាន់តែមានបរិយាបន្ន, មានភាពជាតំណាងសមស្រប, មានសមធម៌ និងភាពធន់។

ក្នុងសុន្ទរកថានោះ សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងបាគូ នៃកិច្ចប្រជុំកំពូលCICA លើកទី៧» និង «សេចក្តីថ្លែងការណ៍ស្តីពី​កិច្ចសហ​ប្រតិបត្តិការក្នុងវិស័យសុវត្ថិភាព និង សុខភាពការងារ»។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចជំហរកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយរដ្ឋសមាជិក CICA ទាំងអស់ ដើម្បីសម្រេចឱ្យបានពេញលេញនូវសក្តានុពលរបស់សន្និសីទ និងជំរុញ​ឱ្យ​អាស៊ី​កាន់តែមានសន្តិភាព, ភាពធន់, បរិយាបន្ន និងវិបុលភាព។ នៅក្នុងពេលវេលាដែលទំនុកចិត្តកាន់​តែ​មានភាពផុយស្រួយ,CICA បានពង្រឹងការប្ដេជ្ញាចិត្តរបស់ CICA ក្នុងការបន្តកិច្ចសន្ទនា, កិច្ចសហប្រតិ បត្តិការ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយទាត់ចោលនូវការប្រឈមមុខដាក់គ្នា, ការបែកបាក់ និងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។

សម្តេចមហាបវរធិបតី បានបន្ថែមថា រដ្ឋជាសមាជិករបស់ CICA ត្រូវបន្តរួមគ្នាផ្សាភ្ជាប់ភាពខុសគ្នាតាមរយៈ កិច្ចសន្ទនា, ការពង្រឹងទំនុកចិត្តទៅវិញទៅមកតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រូវគោរពខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះរួមនៃទំនាក់ទំនងរវាងប្រជាជាតិ៕