FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ទ័ពថៃ ត្រូវបានលើកក្នុងកិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរ​ដោយ​ការ​ប្រើប្រាស់កម្លាំងនោះឡើយ (Video inside)

16-10-2026 08:45

(បាគូ, អាស៊ែបៃហ្សង់)៖ កិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុក​ចិត្តនៅ​អាស៊ី ហៅកាត់ថា CICA ដែលរៀបចំធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ជាទីលានមួយទៀត ដែលកម្ពុជា បានប្រើក្នុងការតស៊ូមតិ លាតត្រដាង និងបង្ហាញជំហររបស់កម្ពុជាលើជម្លោះព្រំដែនជា​មួយ​ប្រទេសថៃ។ ជំហរដែលកម្ពុជា បានលើកបង្ហាញ គឺការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើ​ទីតាំង​ជាក់ស្តែង (faits accomplis) នោះឡើយ។

សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋា​ភិបាល​មួយ​ដែល​បង្កើត​ឡើង​​ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិ​សុខ និងស្ថិរភាពនៅក្នុង​តំបន់​អាស៊ី។ អង្គការតំបន់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានរដ្ឋជា​សមា​ជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគី​ស្ថាន វៀតណាម និងឡាវ។

ប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និង​សហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ។

កិច្ចប្រជុំកំពូលលើកទី៧នៃ CICA ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីមេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់នៃ​រដ្ឋជាសមាជិក និងរដ្ឋសង្កេតការណ៍។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី ហើយក៏មានតំណាងពីប្រទេសថៃដែរ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូស​រំលេចពីតួនាទីរបស់ CICA និងបញ្ហាប្រែប្រួលដ៏ស្មុគស្មាញរបស់ពិភពលោកដូចជា​ការប្រែប្រួលផ្នែកភូមិ​សាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា, ជម្លោះអូសបន្លាយ, ការបែកបាក់ផ្នែកសេដ្ឋកិច្ច, ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈម​ផ្នែក​សន្តិសុខថ្មីៗ កំពុងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់ នៃពហុភាគីនិយម។

ក្រៅពីរំលេចនូវបញ្ហាទាំងនេះ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសកម្មភាពបំពានច្បាប់របស់កងទ័ព​ថៃ មកដលើបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់កម្ពុជា ក៏មិនត្រូវបានរំលងនោះឡើយ។

សម្តេចមហាបវរធិបតី បានលើកឡើងថា មកទល់ពេលនេះ បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែបន្ត​គោ​រព​បាន ប៉ុន្តែ​ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ។ បញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្រប​តាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាម​តំបន់​ដែលកងទ័ពថៃ កំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួម​ទី​ក្រុង​គូឡា​ឡាំពួរ (Kuala Lumpur Declaration) និងសេចក្តីប្រកាសរួម(Joint Statement) នៅមិនទាន់​ត្រូវបានអនុវត្ត​ជាក់ស្តែងនៅលើទីតាំងនៅឡើយ»។

សម្តេចមហាបវរធិបតី បានបញ្ជាក់បន្ថែមថា ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ បានរារាំង​ប្រជាពល​រដ្ឋខ្មែរប្រមាណជាង ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងសេចក្ដី​ថ្លៃថ្នូរ។

បើទោះបីជាស្ថានការណ៍នៅតែមានភាពស្មុគស្មាញបែបនេះក៏ដោយ តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅមេដឹកនាំប្រទេសនានាដែលចូលរួមក្នុងវេទិកានេះ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការ​ដោះ​ស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រម-ព្រៀងទ្វេភាគី ដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាព​ទឹកដីរបស់​ខ្លួន។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿចិត្តថា ការសន្ទនា, ការកាត់បន្ថយភាពតានតឹង, ការអនុវត្តកិច្ច​ព្រម​ព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេសការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) និងវិធានការជាក់ស្តែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌ​អំណោយផលសម្រាប់ការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌, ស្ថិតស្ថេរ និងការរួមរស់ជាមួយគ្នា​ដោយ​សន្តិវិធី៕