អភិបាលខេត្តបាត់ដំបង នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ១,៣០០គ្រួសារ
15-10-2026 22:20
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,៣២៤គ្រួសារ។ ការចែកអំណោយនេះបានធ្វើឡើងនៅក្នុងស្រុករុក្ខគិរី មោងឫស្សី គាស់ក្រឡ និងក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោកក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាព អនាម័យ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ជាពិសេសជំងឺគ្រុនឈាម និងសត្វអសិរពិស។
ជាមួយគ្នានេះ លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោត ត្រូវនាំទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះ មានរយៈពេល៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងបានបង្ហាញអារម្មណ៍កក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល៕









