FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី និងប្រធានាធិបតីអ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត (Video inside)

15-10-2026 21:23

(បាគូ, អាស៊ែបៃហ្សង់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន បានឯកភាពបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​ទ្វេភាគីលើគ្រប់កម្រិត។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងបាគូ ប្រទេស​អាស៊ែ​បៃ​ហ្សង់ ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការ​កសាងទំនុកចិត្តនៅអាស៊ី (CICA)។

ក្នុងនេះ លោកប្រធានាធិបតីអ៊ូសបេគីស្ថាន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សា​ការងារ​ជាមួយសម្តេចមហាបវរធិបតី ព្រមទាំងបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ជំនួបជាមួយសម្ដេចមហាប​វរ​ធិបតី នឹងកាន់តែជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចមហាបវរធិបតី បានសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក​ប្រធានាធិបតី​អ៊ូស​បេ​គី​ស្ថាន ព្រមទាំងបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់រដ្ឋាភិបាល និងប្រជាជនអ៊ូសបេគីស្ថាន ក្នុងឱកាស​ប្រារព្ធខួបឯករាជ្យលើកទី៣៥ របស់អ៊ូសបេគីស្ថាន។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនទៀត ក្នុងការជំរុញ និងពង្រីកកិច្ច​សហ​ប្រតិ​បត្តិការទ្វេភាគី បន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះ ថ្នាក់ដឹក​នាំទាំង​ពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត តាម​រយៈការលើកកម្ពស់​ ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់​ និងទូលំទូលាយ, ការពង្រឹង​យន្តការ​ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរជាដើម។

​ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា​ និង​ផ្លាស់ប្តូរយោបល់គ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍,​ អប់រំ, ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន​៕