ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដឹកនាំព្រះសង្ឃទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត
15-10-2026 20:56
(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំព្រះសង្ឃ និងកូនសិស្សស្នាក់នៅក្នុងវត្ត ទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតនៃសង្កាត់គោកចក។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ការដឹកនាំព្រះសង្ឃចុះឈ្មោះបោះឆ្នោតនាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំងបង្ហាញអំពីកាតព្វកិច្ច និងសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងព្រះសង្ឃផងដែរ ក្នុងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា ការចុះឈ្មោះបោះឆ្នោត និងការពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺជាកាតព្វកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងព្រះសង្ឃដើម្បីធានាថាព្រះសង្ឃមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងអាចប្រើប្រាស់សិទ្ធិបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្តនៅពេលខាងមុខ។
ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក៏បានអំពាវនាវដល់ព្រះសង្ឃ និងកូនសិស្សស្នាក់នៅក្នុងវត្ត ដែលទើបគ្រប់អាយុ ១៨ឆ្នាំ ឬអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកដែលបានផ្លាស់ប្តូរទីលំនៅ សូមប្រញាប់ប្រញាល់អញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមសាលាសង្កាត់ ឬអាជ្ញាធរដែនដី ដែលកំណត់ដោយ គ.ជ.ប៕



















