ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
15-10-2026 19:34
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយពីស្ថានភាពព្យុះទី៣០ ឈ្មោះ «ចម្ពី» (Champi) ដែលបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច, ព្យុះនេះពុំស្ថិតនៅក្នុងគន្លងផ្លូវដើរដោយផ្ទាល់មកលើកម្ពុជាឡើយ ប៉ុន្តែវាមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើតំបន់មួយចំនួន រួមទាំងឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជាផងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួល។ ចំពោះតំបន់វាលទំនាប ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។
រីឯតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ក៏នឹងទទួលរងនូវឥទ្ធិពលស្រដៀងគ្នានេះដែរ ដោយមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣០% និង ៥០% រៀងគ្នា។ ពិសេសសម្រាប់តំបន់មាត់សមុទ្រ រលកសមុទ្រអាចបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងនឹងបន្តតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលបន្ថែមទៀត៕

