FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ ថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងកម្ពុជា-ជប៉ុន

15-10-2026 16:11

(ភ្នំពេញ)៖ គណៈប្រតិភូនៃស្ថាប័នធំៗពីប្រទេសជប៉ុន ដែលរួមមានស្ថាប័ន Japan External Trade Organization (JETRO), The Japan Aerospace Exploration Agency (JAXA) the Japan Space Forum (JSF) ជាដើមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការរៀបចំកម្មវិធី «Cambodia-Japan Economic Co-Creation Networking Symposium and Business Matching» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។

កម្មវិធីនេះបានបើកទំព័រថ្មីមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញធុរកិច្ច បៃតងនិងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាន រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

ប្រតិភូជប៉ុនបានបង្ហាញនូវការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ខាងលើនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកវិយោគ ពាណិជ្ជករ ក្នុងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរ ចំនួនជាង ២០០នាក់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរួមគ្នាបង្កើតថ្មី (Co-Creation) ដែលសម្រេចបានលទ្ធផលជោគជ័យ ដោយបានបង្កើតគម្រោង កិច្ចសហប្រតិបត្តិការចំនួន ២០ ផងដែរ។

ជាមួយគ្នានេះប្រតិភូប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ របស់ក្រសួងបរិស្ថានកម្ពុជា និងប្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ជាពិសេសការផ្សារភ្ជាប់បច្ចេកវិទ្យាជឿនលឿន របស់ជប៉ុន ជាមួយនឹងវិស័យធុរកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអវកាសកម្ពុជា-ជប៉ុន ស្តីពីបណ្តាញ និងការភ្ជាប់ទំនាក់ទំនងធុរកិច្ច (Cambodia-Japan Space Economic Cooperation Forum) ត្រូវបានបង្កើតឡើងយ៉ាងផ្លូវការ ក្រោមការសហការរវាងក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា អមដោយស្ថានទូតជប៉ុន អង្គការ JETRO និងទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន (JAXA)។ វេទិកានេះផ្តោតសំខាន់លើការប្រើប្រាស់ទិន្នន័យផ្កាយរណប និងបច្ចេកវិទ្យាបៃតង ដើម្បីគាំទ្រដល់ការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

គួរឱ្យដឹងថា នាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបេសកកម្មធុរកិច្ចរវាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន(JAXA) មកកាន់កម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក WAKABAYASHI Kohei ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំរាជធានីភ្នំពេញ និងលោក OCHIAI Osamu នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដី នៃភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)។

ក្រុមហ៊ុនជប៉ុន ដែលធ្វើការលើវិស័យផ្កាយរណប បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាកាត់បន្ថយការបំភាយកាបូន បានធ្វើការផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្រុមធរុកិច្ច និងភាគីពាក់ព័ន្ធនានា លើកិច្ចសហការធុរកិច្ចនិងបច្ចេកវិទ្យានាពេលខាងមុខ រវាងប្រទេសទាំងពីរ។ តាមរយៈការផ្លាស់ប្តូរយោបល់នេះនឹងឈានទៅរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងជប៉ុន និងកម្ពុជា ក្នុងវិស័យធុរកិច្ចនិងបច្ចេកវិទ្យានាពេលអនាគត៕