អភិបាលស្រុកកំពង់លែង នាំយកជំនួយឧបត្ថម្ភជូនកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ
15-10-2026 16:05
(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង និងជាគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកកំពង់លែង ចុះសួរសុខទុក្ខ និងនាំយកសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន ជូនកងទ័ពជួរមុខចំនួន ២ទីតាំង គឺភ្នំបេង និងកាំភ្លើងធំក្រោមភ្នំបេង ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
សកម្មភាពមនុស្សធម៌នេះ មានការចូលរួមពីសំណាក់អភិបាលរងស្រុក អធិការស្រុក អាជ្ញាធរឃុំ និងមន្ត្រីរាជការជាច្រើនរូប ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ជំនួយដែលបាននាំយកទៅប្រគល់ជូនកងទ័ពរួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ មី អង្ករ ភេសជ្ជៈ នំអន្សម កន្ទេល ត្រីងៀត ព្រមទាំងថវិកាចំនួន ៥,៦០០,០០០ រៀល។
ការផ្តល់ជំនួយឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងមួយ សម្រាប់កងទ័ពជួរមុខ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ នេះក៏ជាការបង្ហាញពីសាមគ្គីភាព និងការដឹងគុណរបស់រដ្ឋបាលស្រុកកំពង់លែង ចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ៕





