អាជ្ញាធរឃុំថ្មអណ្តើក និងប្រជាពលរដ្ឋ រួមគ្នាជួសជុលស្ពានឈើនៅចំណុច «អូរ សើញអើញ» ដើម្បីសម្រួលការធ្វើដំណើរ
15-10-2026 16:02
(ក្រចេះ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក សូ ផល្លា មេឃុំថ្មអណ្តើក ខេត្តក្រចេះ បានដឹកនាំក្រុមការងារថ្នាក់ភូមិ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះធ្វើសកម្មភាពរុះរើ ជួសជុល និងរៀបចំកម្រាលបាតស្ពានឈើមួយកន្លែងឡើងវិញ ស្ថិតនៅចំណុច «អូរ សើញអើញ» ក្នុងភូមិសិរីសុខា ឃុំថ្មអណ្តើក ស្រុកចិត្របុរី។
សកម្មភាពជួសជុលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ បន្ទាប់ពីកម្រាលស្ពានចាស់មានសភាពទ្រុឌទ្រោម និងខូចខាតខ្លាំង ដែលបង្កផលលំបាកព្រមទាំងហានិភ័យដល់ការឆ្លងកាត់ប្រចាំថ្ងៃ។ ស្មារតីសាមគ្គីគ្នានេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗឱ្យកាន់តែមានភាពរលូន និងសុវត្ថិភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានចង្អុលបង្ហាញ និងណែនាំដល់អាជ្ញាធរស្រុកចិត្របុរី ឱ្យចុះពិនិត្យស្ថានភាពស្ពានដោយផ្ទាល់ ដើម្បីរៀបចំចាត់ចែងជួសជុលឱ្យបានឆាប់រហ័ស សំដៅដោះស្រាយទុក្ខលំបាក និងបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ការជួសជុលនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕








