រដ្ឋបាលខេត្តព្រៃវែង អំពាវនាវដល់សប្បុរសជន សូមជួយឧបត្ថម្ភព្រឹត្តិការណ៍ប្រណាំងទូក-ង មានរយៈពេល ២ថ្ងៃ
15-10-2026 15:51
(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីអំពាវនាវជូនសម្ដេច ទ្រង់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុន សហគ្រាស អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ដើម្បីជាមូលនិធិទ្រទ្រង់ដល់ដំណើរការនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងខេត្តព្រៃវែង។
ព្រឹត្តិការណ៍ដ៏រីករាយនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង (ចុងម៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ការរៀបចំពិធីបុណ្យប្រពៃណីនេះ គឺក្នុងគោលបំណងសំខាន់ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមឧបត្ថម្ភពីគ្រប់មជ្ឈដ្ឋាននឹងធ្វើឱ្យព្រឹត្តិការណ៍ប្រណាំងទូកងឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងអធិកអធម៕


