សកម្មភាពជីករ៉ែខុសច្បាប់នៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អាជ្ញាធរជូនដំណឹងចុងក្រោយឲ្យបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ
15-10-2026 15:48
(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានជូនដំណឹងជាថ្មី និងជាលើកចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រព្រឹត្តសកម្មភាពជីកយករ៉ែលោហៈ (មាស) អនាធិបតេយ្យ និងខុសច្បាប់ នៅជុំវិញតំបន់អតីត ការដ្ឋានរ៉ែលោហៈសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់។ អាជ្ញាធរឲ្យបញ្ឈប់សកម្មភាពទាំងស្រុង និងធ្វើការរុះរើខ្ទម ឬទីសំណាក់ ព្រមទាំងឧបករណ៍សម្ភារផ្សេងៗចេញពីទីតាំង។
ទោះបីមានការជូនដំណឹងរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី៩ ខែតុលា តែរហូតមកដល់ពេលនេះ តាមសេចក្តីរាយការណ៍មួយចំនួន បានបញ្ជាក់ថា សកម្មភាពខុសច្បាប់ទាំងនេះនៅបន្តកើតឡើង ដោយមិនមានច្បាប់អនុញ្ញាត និងបំផ្ទុះគ្រប់ដោយមិនមានច្បាប់ទៀតផង។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា កន្លងមកក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹងសកម្មភាពស្វែងរុករក ជីកយករ៉ែមាស អនាធិបតេយ្យ អ្នកទទួលទិញ អ្នកផ្គត់ផ្គង់ ឬអ្នកស្នាក់នៅសង់ផ្ទះខ្ទម ឱ្យផ្អាកសកម្មភាព និងរុះរើសម្ភារចេញជាកំហិត។ ប៉ុន្តែមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួននៅតែបន្តសកម្មភាពអាជីវកម្មរ៉ែខុសច្បាប់ តាមផ្ទះ ចំការស្វាយចន្ទី ចំការកៅស៊ូ និងកន្លែងដាច់ដោយឡែកផ្សេងៗទៀត។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា «មកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួននៅតែបន្តសកម្មភាពអាជីវកម្មរ៉ែខុសច្បាប់ តាមផ្ទះ តាមចំការស្វាយចន្ទី ចំការកៅស៊ូ និងកន្លែងដាច់ដោយឡែកផ្សេងៗទៀត ដោយមិនទាន់រុះរើគ្រឿងម៉ាស៊ីនឧបករណ៍សម្ភារៈ ខ្ទម ឬទីសំណាក់របស់ខ្លួនចេញជាស្ថាពរតាមការណែនាំរបស់ក្រុមការងារចម្រុះថ្នាក់ខេត្តនៅឡើយ»។
រដ្ឋបាលខេត្តត្បូងឃ្មុំ សូមក្រើនរំលឹកជាលើកចុងក្រោយដល់ប្រជាពលរដ្ឋដែលកំពុងមានសកម្មភាពជីកកាយយករ៉ែលោហៈ យ៉ាងអនាធិបតេយ្យ អ្នកកំពុងស្នាក់នៅមានផ្ទះខ្ទម ឬទីសំណាក់តូច ធំ និងអ្នកពាក់ព័ន្ធគ្រប់រូបភាព ឱ្យបញ្ឈប់សកម្មភាព និងធ្វើការរុះរើ ដឹកជញ្ជូនចេញពីកន្លែងកំពុងប្រព្រឹត្តឱ្យខាងតែបានចៀសវាងរដ្ឋបាលខេត្តចាត់វិធានការតាមផ្លូវច្បាប់។
ក្នុងន័យនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ តម្រូវឱ្យអ្នកដែលកំពុងប្រតិបត្តិការជីកយករ៉ែលោហៈ ក្នុងដីចំការ អ្នកស្នាក់នៅតាមផ្ទះខ្ទម ឬទីសំណាក់តូច ធំ អ្នកទទួលទិញអ្នកចម្រាញ់រ៉លោហៈ (រ៉ែមាស) និងអ្នកពាក់ព័ន្ធគ្រប់រូបភាពត្រូវបញ្ឈប់សកម្មភាព និងរុះរើដឹកជញ្ជូនចេញពីទីតាំងប្រព្រឹត្តនៅជុំវិញតំបន់រ៉ែលោហៈ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះជាកំហិត៕
















