លោក កើត ឆែ ជំរុញក្រុមធុរកិច្ចខេត្តកំពត អនុវត្តវិធីសាស្ត្រ «ខាយហ្សិន» ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព
15-10-2026 15:13
(កំពត)៖ លោក កើត ឆែ អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត បានផ្ដល់អនុសាសន៍ និងផ្ដាំផ្ញើ ៥ចំណុចសំខាន់ៗ ជូនដល់ក្រុមអ្នកធុរកិច្ចទូទាំងខេត្ត ដើម្បីអនុវត្តវិធីសាស្ត្រ «ខាយហ្សិន» ឱ្យទទួលបានលទ្ធផលជាក់ស្ដែង និងឆ្លើយតបគោលបំណងរំពឹងទុក។
ការផ្ដល់អនុសាសន៍នេះធ្វើឡើងក្នុងពិធីសិក្ខាសាលាស្តីពីវិធីសាស្ត្រលើកកម្ពស់ផលិតភាព «ខាយហ្សិន» ក្រោមអធិបតីភាព លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ តំណាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មប្រជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំធ្វើឡើង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្តកំពត។
អនុសាសន៍ និងផ្ដាំផ្ញើ ៥ចំណុចសំខាន់ ជូនដល់អ្នកធុរកិច្ចនៅទូទាំងខេត្តកំពត របស់លោក កើត ឆែ មានដូចខាងក្រោម៖
*១- ត្រូវពង្រឹងផ្នត់គំនិតនៃការកែលម្អជាបន្តបន្ទាប់ ដោយត្រូវមានឆន្ទៈក្នុងការពិនិត្យ និងកែលម្អការងាររបស់ខ្លួនជាប្រចាំ ដោយមិនត្រូវប្រកាន់ភ្ជាប់ តែទម្លាប់ចាស់ៗ ទម្លាប់ជាកំហុស ដែលអាចធ្វើឱ្យការងារយឺតយ៉ាវ ត្រូវបាត់បង់ប្រសិទ្ធភាពនោះឡើយ
*២- ត្រូវអនុវត្តកែលម្អ ដែលផ្អែកលើលើទិន្នន័យ និងលទ្ធផលជាក់ស្ដែង ដែលជាការកែលម្អដោយចាប់ផ្ដើម ពីការកំណត់បញ្ហាឱ្យបានច្បាស់លាស់ កំណត់គោលដៅ និងដាក់ចេញនូវវិធានការដោះស្រាយសមស្រប ហើយត្រូវបន្តតាមដានវាស់វែងលទ្ធផលទៅតាមដំណាក់កាលនីមួយៗ ដូចជា ពេលវេលាបំពេញការងារ គុណភាពផលិតផល សេវាកម្ម ឧបសគ្គ និងកម្រិតនៃភាពនិយមពេញចិត្ត របស់អតិថិជន
*៣- សម្រាប់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានយើងអាចអនុវត្តវិធីសាស្ត្រ «ខាយហ្សិន» តាមរយៈនៃការពិនិត្យ និងកែលម្អនីតិវិធីផ្ដល់សេវាសាធារណៈ កាត់បន្ថយការងារស្ទួនគ្នា រៀបចំលំហូរឯកសារឱ្យបានច្បាស់លាស់ និងរៀបចំយន្តការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ ហើយយើងត្រូវចង់ចាំថា គោលដៅដ៏សំខាន់របស់យើង គឺសំដៅធ្វើយ៉ាងណាការផ្ដល់សេវាសាធារណៈកាន់តែមានភាពងាយស្រួល រហ័សទាន់ចិត្ត តម្លាភាព និងឆ្លើយតបបានល្អប្រសើរ ចំពោះតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ
*៤- សម្រាប់ពាណិជ្ជករ អាជីវករ និងម្ចាស់សហគ្រាស ការអនុវត្តវិធីសាស្ត្រ «ខាយហ្សិន» អាចជួយកែលម្អដំណើរការផលិតកម្ម និងប្រតិបត្តិការ កាត់បន្ថយការបាត់បង់វត្ថុធាតុដើម និងពេលវេលា បង្កើនគុណភាពផលិតផល និងសេវាកម្ម ព្រមទាំងពង្រឹងការពេញចិត្តរបស់អតិថិជន ពីព្រោះថាការកែលម្អជាបន្តបន្ទាប់ អាចជួយឲ្យអាជីវកម្មប្រើប្រាស់ធនធានបានសមស្រប និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ
*៥- សម្រាប់ប្អូនៗនិស្សិត និងយុវជន ការយល់ដឹងវិធីសាស្ត្រ «ខាយហ្សិន» អាចជួយបណ្ដុះផ្នត់គំនិតនៃការរៀនសូត្រជាបន្តបន្ទាប់ ការគិតវិភាគ ការដោះស្រាយបញ្ហា ការគ្រប់គ្រងពេលវេលា និងបង្កើនការទទួលខុសត្រូវ ចំពោះលទ្ធផលការងារ ហើយទម្លាប់នៃការកែលម្អខ្លួនឯងជាប់ជាប្រចាំ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការសិក្សា ការចូលទីផ្សារការងារ និងការក្លាយជាធនធានមនុស្សដែលមានសមត្ថភាព ប្រកបដោយសក្តានុពល ប្រកួតប្រជែងយ៉ាងពិតប្រាកដ នាពេលអនាគត។
ជាមួយគ្នានេះ លោក កើត ឆែ បានបញ្ជាក់ថា ជារួម ការគ្រប់គ្រង និងការលើកកម្ពស់ផលិតភាពវិធីសាស្ត្រ «ខាយហ្សិន» គឺជាការកែមល្អការងារអាជីវកម្ម សេវាកម្ម ដែលចាប់ផ្ដើមពីការផ្លាស់ប្ដូរតូចៗ ការកាត់បន្ថយចំណុចខ្វះខាត ការដោះស្រាយបញ្ហាជាក់ស្ដែង និងបញ្ហាប្រឈម ឬឧបសគ្គអាជីវកម្មដែលបានកើតមានឡើង ធ្វើឲ្យការងារកាន់តែមានគុណភាព និងប្រសិទ្ធភាព។
បើតាមលោក ភោគ សុវណ្ណរិទ្ធ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជាឱកាសដែលបងប្អូន ក្មួយៗ និស្សិតទាំងអស់ អាចស្វែងយល់ពីផលិតភាព ដែលវាគ្មិននៃមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើបទបង្ហាញពីប្រធានបទ ដែលជាវិធីសាស្ត្រចាប់ផ្ដើមអនុវត្តដំបូង សម្រាប់បង្កើនផលិតភាពមានដូចជា៖
*១- ការយល់ដឹងពីវិធីសាស្ត្រ «ស៥» ដែលជាពិធីសាស្រ្តមួយ មានប្រព័ន្ធអនុវត្តត្រឹមត្រូវក្នុងការកាត់បន្ថយភាពខ្ជះខ្ជាយ បំបាត់សំណល់ ទីកន្លែងការងារមានសណ្ដាប់ធ្នាប់ និងបុគ្គលិកមានវិន័យ។
*២- ការយល់ដឹងពីវិធីសាស្រ្ត ខាយហ្សិន គឺជាសកម្មភាពស្វែងរកចំណុចអសកម្ម ស្ថានភាពប្រឈម ដែលកំពុងកើតឡើងនៅក្នុងអង្គភាព ឬសហគ្រាសផលិតកម្ម ធ្វើការកែលម្អជាបន្តបន្ទាប់ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ រួមមាន៖ មនុស្ស ម៉ាស៊ីន ឧបករណ៍ ថវិកា សេវា និងព័ត៌មានជាដើម។ល។
លោករដ្ឋលេខាធិការ បានបន្ថា ដើម្បីអនុវត្តវិធីសាស្ត្រនេះឱ្យទទួលបានជោគជ័យ ម្ចាស់សហគ្រាសផលិតកម្ម អាជីវកម្ម ចាំបាច់មានការយល់ដឹង ពីអត្ថប្រយោជន៍នៃផលិតភាព មានឆន្ទៈ និងទិសដៅពិតប្រាកដ សម្រាប់កែលម្អផលិតកម្ម អាជីវកម្ម ធ្វើយ៉ាងណាឱ្យកាន់តែមានការវិវឌ្ឍន៍ប្រសើរជាងមុន សំដៅកាត់បន្ថយថ្លៃដើមផលិតឱ្យមានភាពធន់ នៅក្នុងបរិបទថ្មីនេះ៕



















