បទយកការណ៍៖ សាលាបាលី នៃវត្តឈើខ្មៅដែលមានវ័យចំណាស់ ប្រឈមនឹងការបាក់ស្រុត ខណៈសំណើសុំជួសជុលឡើងវិញ មិនទាន់មានការឆ្លើយតប (Video inside)
15-10-2026 14:59
(បាត់ដំបង)៖ វត្តពិជ័យល័ង្ការ ហៅវត្តឈើខ្មៅ ជាទីអារាមដែលមានវ័យចំណាស់មានអាយុកាល ១៣៨ឆ្នាំមកហើយ ជាវត្តបុរាណដែលទទួលបានគោរពយ៉ាងខ្លាំងពីពុទ្ធបរិស័ទ។ វត្តឈើខ្មៅ ស្ថិតនៅភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ ៥៤ គីឡូម៉ែត្រពីសាលាខេត្តបាត់ដំបង ត្រូវបានសាងសង់ឡើងនាអំឡុងឆ្នាំ១៨៨៧ ពីឈើខ្មៅក្នុងតំបន់តែម្តង។
វត្តនេះត្រូវបានគេស្គាល់ថាជា «ទួលអណ្តែត» ផងដែរ ដោយសារតែទីទួលនៃព្រះវិហារនេះពុំដែលលិចលង់ដោយជំនន់ទឹកភ្លៀងឡើយ ទោះបីមានទឹកជន់ធំប៉ុណ្ណាក៏ដោយ។ ក្រៅពីនេះ ក៏មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយទៀតទាក់ទងនឹងទូកងមួយ ដែលធ្វើឡើងពីឈើគគីរដុះនៅលើទួលនោះ ហើយត្រូវបានអ្នកស្រុកជឿថាមានបារមីថែរក្សា ព្រោះតែទូកនោះមិនដែលចាញ់ក្នុងការប្រណាំងឡើយ។ វត្តឈើខ្មៅស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះគ្រូចៅអធិការមួយអង្គព្រះនាម សឿ។
ក្រៅពីវត្តអារាម នៅមានទីកន្លែងសក្ការបូជា និងមានបុណ្យបារមី ដែលប្រជាពលរដ្ឋតែងតែមានជំនឿថា «ជនណាដែលមានគំនិតមិនល្អ ពេលឈានជើងនៅទីនោះ នឹងមានហេតុភេទអាក្រក់កើតឡើង» នោះគឺ សាលាបាលី។ បច្ចុប្បន្នសាលាបាលី មានអាយុកាល ១៣៨ឆ្នាំហើយ និងមានស្ថានភាពទ្រុឌទ្រោមខ្លាំង អាចប្រឈមនឹងការបាក់ស្រុតគ្រប់ពេល។
បើតាមសង្ឃដីការរបស់ ព្រះអាយុវឌ្ឍនោ ច្រឹង ស៊ីវី លោកគ្រូចៅអធិការ វត្តពិជ័យល័ង្ការ ហៅវត្តឈើខ្មៅ បានឱ្យដឹងថា មុនសម័យកូវីដ ទីអារាមនេះអាចទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។
ស្ថាបត្យករនាសម័យបច្ចុប្បន្ន បានវាយតម្លៃថាសំណង់សាលាបាលីដែលមានអាយុកាលជាង ១០០ឆ្នាំនេះ មានរចនាបថលំនាំតាមសំណង់នៅឯទីបេ ប្រទេសចិន។
ព្រះអាយុវឌ្ឍនោ ច្រឹង ស៊ីវី បានមានសង្ឃដីកាបន្តថា សាលាបាលីបច្ចុប្បន្នទាមទារឱ្យមានការជួលជុលផ្នែកមួយចំនួនឡើងវិញ ដ្បិតថាតួសាលាធ្វើអំពីឈើសុទ្ធ និងមានអាយុកាលយូរផងនោះ អាចមានការពុកផុយប្រឈមនឹងការបាក់ស្រុត។
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនានៅទីទួលវត្តអារាមកាន់តែច្រើន លោក រ៉ាន់ សារុំ ជំទប់ទី២ ឃុំព្រៃចាស់ បានលើកឡើងពីគម្រោងនៅក្នុងការតភ្ជាប់ផ្លូវលេខ ១៥៦ និងគម្រោងរៀបចំកន្លែងកម្សាន្តជាច្រើនទៀតនៅតំបន់ក្បែរនោះផងដែរ៕



