FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្តីដែលជេរប្រមាថវីរកងទ័ពកម្ពុជា តាមបណ្ដាញសង្គម ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ តាមចាប់ខ្លួន

15-10-2026 14:54

(កំពង់ស្ពឺ​)៖​ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានតាមឃាត់ខ្លួនស្រ្តីម្នាក់ ​ពាក់ព័ន្ធនឹងករណីប្រើប្រាស់ពាក្យសម្ដីអសុរោះ និងជេរប្រមាថវីរកងទ័ពកម្ពុជា តាមរយៈការ Live វីដេអូនៅលើបណ្ដាញសង្គម Bigo Live។

ការឃាត់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ ក្រោយសទទួលបាន បញ្ជារបស់ថ្នា​ក់ដឹកនាំ, លោកឧត្ដមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការ​រងផែនការ​ងារ​សន្ដិសុខ​ បានដឹកនាំបញ្ជាឱ្យកម្លាំងនគរបាលការិយាល័យប្រឆាំ​ងបទល្មើ​សបច្ចេកវិទ្យា សហ​ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង​ និងមូលដ្ឋានកម្លាំង បើកការស្រាវជ្រាវស្រ្តីរូបនេះ។

ក្រោយការស្រាវជ្រាវដោយយកចិត្ដទុកដាក់​ និងមានការសម្របសម្រួលពីព្រះរាជ​អាជ្ញា​អម​សា​លាដំបូងខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២៦ កម្លាំង​នគរបាល​ការិយាល័យប្រឆាំងបទ​ល្មើ​សបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនស្រ្តីរូបនេះមានឈ្មោះ អ៊ិន ឈុនអ៊ី អាយុ១៩ឆ្នាំ លាក់ខ្លួន​ពួនអាត្មានៅក្នុងចំណុចផ្ទះជួលមួយក​ន្លែ​ង ស្ថិតក្នុងភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង រួចបានបញ្ជូន​មកស្នងការដ្ឋាននគរបា​ល​ខេត្ដកំពង់ស្ពឺ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ស្រ្តីរូបនេះបានសារភាពថា ​កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ​ខ្លួនបាន Live វីដេអូ តាមគណនី​ប​ណ្ដា​ញសង្គម​ Bigo Live ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងអសី​លធម៌ទៅលើកងទ័ព ក្នុងខ្លឹមសារថា «...អញក្រុមអញជេរមែនអាក្រុមទាហាហ្នឹង អញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយា​យតែពាក្យពិតទេ ឱ្យវាងាប់នៅជា​យដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង»។

ក្រោយជេរប្រមាថយ៉ាងធ្ងន់ធ្ងរបែបនេះ ស្រ្តីរូបនេះក៏បានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ​ និងខេត្ត​បាត់ដំបង​មួយរយៈមុនត្រឡប់ចូលមកមូលដ្ឋានវិញ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័​យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន។

បច្ចុប្បន្នជន​ស​ង្ស័​យត្រូវបានកម្លាំងជំនាញ​កំពុងសាកសួរ​ និងកសាងសំណុំរឿង បញ្ជូន​ទៅអយ្យការ​អមសា​លាដំបូងខេត្ដ​ចាត់ការបន្តតាមនីតិវិធីច្បាប់៕