រដ្ឋបាលខេត្តតាកែវ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ
15-10-2026 13:45
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត។ ពិធីដ៏ឧឡារិកនេះ បានប្រារព្ធធ្វើឡើងនៅសួនច្បារមាត់បឹងទីរួមខេត្តតាកែវ។
លោក វ៉ី សំណាង បានថ្លែងថា ការរៀបចំពិធីនេះឡើង គឺដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ និងភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរ ចំពោះព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើនសម្រាប់ប្រទេសជាតិ រួមមានការទាមទារបានឯករាជ្យទាំងស្រុងពីអាណានិគមន៍បារាំង ការទាមទារប្រាសាទព្រះវិហារខ្មែរមកវិញពីប្រទេសសៀម ការបង្រួបបង្រួមផ្សះផ្សាជាតិ និងការកសាងសមិទ្ធផលធំៗជាច្រើនទៀត។
លោកអភិបាលខេត្តបានបន្តថា គំរូវីរភាពរបស់ព្រះមហាវីរក្សត្រ នឹងធ្វើឱ្យប្រជារាស្ត្រខ្មែរចងចាំជានិច្ច ហើយយកគំរូតាម។ រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងបន្តខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពប្រជានុរាស្ត្រឱ្យកាន់តែល្អប្រសើរឡើង៕
















