FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

15-10-2026 13:42

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ ប្រកបដោយភាពសក្ការៈបូជាដ៏ខ្ពង់ខ្ពស់។

ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅសាលមហោស្រពខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមក្រោមវត្តមាន លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី ឈី វ៉ា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ស្ថាប័នជាច្រើនរូប។

នៅក្នុងពិធីដ៏ឧត្តុង្គឧត្តមនេះ គណៈអធិបតី និងអង្គពិធីទាំងមូលបានថ្វាយគ្រឿងសក្ការៈបូជានៅចំពោះមុខព្រះឆាយាលក្ខណ៍ និងបានធ្វើការសង្រួមកាយវាចាចិត្ត ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ពិធីនេះក៏បានរាប់បាត្រដល់ព្រះសង្ឃ និងចម្រើនសត្តប្បករណាភិធម្មដារបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋផងដែរ។

ការរៀបចំពិធីនេះឡើង គឺដើម្បីរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គចំពោះជាតិ និងប្រជាជនកម្ពុជា ហើយក៏បានបង្ហាញពីការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការស្វែងរកឯករាជ្យ និងការកសាងជាតិ។ ព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គនៅតែស្ថិតស្ថេរជានិរន្តរ៍នៅក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូប៕