FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

15-10-2026 13:33

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) ប្រកបដោយភាពសក្ការៈបូជាដ៏ខ្ពង់ខ្ពស់។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអាគារ "ឃ" សាលាខេត្តស្វាយរៀង។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តជាច្រើនរូបទៀត។ នៅក្នុងកម្មវិធី គណៈអធិបតី និងអង្គពិធីទាំងមូលបានថ្វាយគ្រឿងសក្ការៈបូជានៅចំពោះមុខព្រះឆាយាលក្ខណ៍ និងបានធ្វើការសង្រួមកាយវាចាចិត្ត ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់បានយាងទៅកាន់ព្រះបរម សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមពីនេះ ពិធីក៏បានរាប់បាត្រដល់ព្រះសង្ឃ និងចម្រើនសត្តប្បករណាភិធម្មដារបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋផងដែរ ដើម្បីរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គចំពោះជាតិ និងប្រជាជនកម្ពុជា។ ពិធីនេះបានបង្ហាញពីការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គក្នុងការស្វែងរកឯករាជ្យ និងការកសាងជាតិ៕