រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួបទី១៤ឆ្នាំ
15-10-2026 13:30
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិ គម្រប់ខួបទី១៤ឆ្នាំ នៅសាលាខេត្តកំពង់ធំ។
ពិធីដ៏ឧឡារិកនេះ ត្រូវបានដឹកនាំដោយលោក ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប។
គោលបំណងនៃពិធីនេះ គឺដើម្បីរំលឹក និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ នៅក្នុងពិធីនោះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត និងចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ និងមានកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តផងដែរ។
គំរូវីរភាពរបស់សម្តេចព្រះបិតាឯករាជ្យជាតិខ្មែរ នឹងស្ថិតនៅក្នុងការចងចាំ និងការគោរពដឹងគុណជានិច្ចនិរន្តរ៍របស់កូនចៅខ្មែរគ្រប់រូប៕






















