ថ្នាក់ដឹកនាំខេត្តព្រៃវែង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ
15-10-2026 13:27
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារិកនៅបរិវេណសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែងជាច្រើនរូបទៀត បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ដើម្បីរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គចំពោះជាតិ និងប្រជារាស្ត្រខ្មែរ។
ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យជាតិ ការពារបូរណភាពទឹកដី និងឯកភាពជាតិ គឺជាគំរូវីរភាពដ៏ខ្ពង់ខ្ពស់ដែលកូនចៅជំនាន់ក្រោយគ្រប់រូបត្រូវចងចាំជានិច្ច។ ពិធីនេះបានបង្ហាញពីការដឹងគុណ និងការគោរពដ៏ជ្រាលជ្រៅចំពោះព្រះវីរក្សត្រ ដែលបានលះបង់ព្រះកាយពលដើម្បីបុព្វហេតុជាតិមាតុភូមិ៕

























