«ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
15-10-2026 13:21
(ភ្នំពេញ)៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦កន្លងទៅ ក្នុងគ្រាដែលលោក ឡេ មិញ ហឹង នាយករដ្ឋមន្ត្រីវៀតណាម បានទស្សនកិច្ចនៅកម្ពុជានោះ កម្ពុជា និងវៀតណាម ក៏បានរៀបចំវេទិកាធុរកិច្ច ដើម្បីជំរុញការធ្វើធុរកិច្ចរវាងគ្នា។
ក្នុងវេទិកានោះ គេបានចាប់អារម្មណ៍លើការឆ្លើយឆ្លងគ្នារវាងលោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Do Van Su អគ្គនាយកទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម។
ជាប្រទេសដែលមានព្រំដែនជាប់គ្នា លោក ជា វុទ្ធី បានលើកពាក្យខ្មែរមួយឃ្លាក្នុងវេទិកានោះទៅកាន់អ្នកធ្វើធុរកិច្ចរបស់វៀតណាម គឺ «ជួញជិត ប្រសើរជាងជួញឆ្ងាយ»។ តាមរយៈប្រយោគនេះ គឺលោក ជា វុទ្ធី ចង់បង្ហាញទៅកាន់អ្នកធ្វើធុរកិច្ចរបស់វៀតណាមថា ការវិនិយោគនៅកម្ពុជា ជាជម្រើសដ៏ប្រសើរសម្រាប់វៀតណាម។
បន្ទាប់ពីលោក ជា វុទ្ធី, លោក Do Van Su ក៏ឡើងថ្លែងសុន្ទរកថាម្តង។ ក្នុងសុន្ទរកថារបស់លោក បានបង្ហាញពីភាពប្រទាក់ក្រឡាគ្នានៃការរកស៊ីរវាងកម្ពុជា និងវៀតណាម។ លោក ក៏បានជូនពាក្យមួយឃ្លាវិញដែរ គឺពាក្យ «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ»។
តាមរយៈពាក្យមួយឃ្លានេះ គឺលោក Do Van Su ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា គាំពារដល់អ្នកធ្វើធុរកិច្ចរបស់វៀតណាម ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានរីកលូតលាស់ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ទំហំនេះសម្រេចបានដល់ប្រមាណ ៦,៦ប៊ីលានដុល្លារអាម៉េរិក កើនឡើង ៨,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ក្នុងនោះ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នា ដោយកម្ពុជានាំចេញទៅវៀតណាមជាចម្បងនូវផលិតផលកសិកម្ម និងវត្ថុធាតុដើម រួមមានជាអាទិ៍ ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើ កៅស៊ូ ដំឡូងមី និងបន្លែមួយចំនួន ខណៈកម្ពុជា នាំចូលពីវៀតណាមនូវផលិតផល ឧស្សាហកម្ម និងធាតុចូលសម្រាប់ផលិតកម្ម ដូចជា ផលិតផលប្រេងឥន្ធនៈ ដែកនិងដែកថែប គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ និងទំនិញប្រើប្រាស់មួយចំនួន។
រីឯទំនាក់ទំនងវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៦នេះ គម្រោងវិនិយោគវៀតណាមដែលបានចុះបញ្ជីនៅកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១០៧គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ ៣,៦ប៊ីលានដុល្លារអាម៉េរិក។
ក្នុងឆ្នាំ២០២៥កន្លងទៅ គម្រោងវិនិយោគវៀតណាមដែលបានចុះបញ្ជីនៅ ក.អ.ក. មានចំនួន ៧គម្រោង ក្នុងទំហំទុនប្រមាណ ៤០៨លានដុល្លារអាម៉េរិក ខណៈក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ ក.អ.ក. បានអនុម័តគម្រោងវិនិយោគវៀតណាមចំនួន ៤គម្រោងបន្ថែមទៀត ក្នុងទំហំទុនប្រមាណ ៤៣,៣លានដុល្លារអាម៉េរិក។
វិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅតែជាវិស័យដែលទទួលបាន ការវិនិយោគច្រើនជាងគេបង្អស់ពីវៀតណាម ដែលមូលដ្ឋាននេះ សបញ្ជាក់ឱ្យឃើញពីសក្តានុពលខ្ពស់សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសក្នុងសកម្មភាពកែច្នៃកសិផល។
កម្ពុជាមានលទ្ធភាពដាំដុះ និងផលិតកសិផលដ៏ច្រើនសម្បូរបែប ខណៈវៀតណាមមានបច្ចេកទេស និងបច្ចេកវិទ្យា ក្នុងការកែច្នៃ។ កាលានុវត្តភាពនៅចំពោះមុខនេះ ពុំគួរត្រូវបានមើលរំលង៕




































