FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

15-10-2026 13:13

(ក្រចេះ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) នៅសាលមហោស្រពខេត្ត។ ពិធីនេះប្រព្រឹត្តទៅយ៉ាងមហោឡារិក និងពោរពេញដោយទឹកចិត្តស្វាមីភក្តិ ព្រមទាំងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះព្រះអង្គ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក វ៉ា ថន អភិបាលខេត្ត និងលោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត យុវជន និងលោកតាជី-លោកយាយជីជាច្រើនកុះករ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ គណៈអធិបតី និងអង្គពិធីទាំងមូល បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សូត្រមន្តបង្សុកូល និងឧទ្ទិសបួងសួងថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ សូមយាងទៅសោយសុខក្នុងព្រះបរមសុគតិភព។

ពិធីនេះមិនត្រឹមតែជាការរំឭកដល់ការបាត់បង់ដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបូជនីយកិច្ច និងព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីទាមទារឯករាជ្យជាតិ ការពារបូរណភាពទឹកដី និងបង្រួបបង្រួមជាតិខ្មែរ ឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
ការចងចាំនេះនឹងបន្តស្ថិតស្ថេរជានិច្ចនិរន្តរ៍ក្នុងដួងចិត្តប្រជារាស្ត្រខ្មែរគ្រប់រូប៕