FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សេរីរដ្ឋា៖ ប្រវត្តិសាស្ត្រ ដែលខ្មែរត្រូវសិក្សារៀនសូត្រហើយយកមកប្រៀបធៀបជាមួយនិងបច្ចុប្បន្ន

15-10-2026 12:25

(ភ្នំពេញ)៖ តាមរយៈបណ្តាញសង្គម Channel CoolApp លោក សួន សេរីរដ្ឋា ប្រធានវេទិការសន្តិភាពកម្ពុជា បានបង្ហាញអំពីប្រវត្តិសាស្រ្ត ដែលខ្មែរត្រូវសិក្សារៀនសូត្រហើយយកមកប្រៀបធៀបជាមួយនិងបច្ចុប្បន្ន ដែលផ្ដោតសំខាន់ទៅលើអតីតៈកាលនា ទសវត្សទី៦០។
ប្រធានវេទិការសន្តិភាពកម្ពុជា បានបង្ហាញអំពីប្រវត្តិសាស្រ្ត ដែលខ្មែរត្រូវសិក្សារៀនសូត្រហើយយកមកប្រៀបធៀបជាមួយនិងបច្ចុប្បន្ន ដែលផ្ដោតសំខាន់ទៅលើអតីតៈកាលនា ទសវត្សទី៦០។

លោក សួន សេរីរដ្ឋា បានបញ្ជា់ថា កាលពីអតីតៈកាលនា ទសវត្សទី៦០ ក្រោយពេលដែលសម្តេចព្រះបរមរតនៈកោដ សម្តេចព្រះនរោត្តម សីហនុ ដឹកនាំជីវពលក្លាហាន ធ្វើព្រះរាជបូជនីយកិច្ចទាមទារបានឯករាជ្យពីបារាំង ដឹកនាំបង្រួបបង្រួមជាតិគ្រប់ចលនានយោបាយឲ្យចូលមករួមរស់ជាមួយរាជរដ្ឋាភិបាល បង្កើតបានជា «សង្គមរាស្ត្រនិយម» ដ៏រុងរឿង និងបានដឹកនាំសង្គ្រាមច្បាប់អន្តរជាតិ ប្តឹងសៀមដែលឈ្លានពានទឹកដីនិងប្រាសាទព្រះវិហារ រហូតទទួលបានយុត្តិធម៌បីតុលាការ ICJ ជោគជ័យល្បីរន្ទឺលើឆាកអន្តរជាតិ និងគ្រាដែលសង្គមរាស្ត្រនិយមរឹតតែរុងរឿងនោះ… គេ (តើគេនោះជានរណា? សូមពិចារណា) បានបង្កើតរឿងចោទលាបពណ៌ សម្តេចព្រះបរមរតនៈកោដថា «ក្បត់ជាតិ» បើកដៃឲ្យ «យួនចូលស្រុក» និង «លក់ដីឲ្យយួន» រួច «គេ» នោះដដែលបានប្រើចារកម្មយោធា ចាក់បំបែកកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលសង្គមរាស្ត្រនិយម ឲ្យបែកជាបំណែក ជាក្រុមដើម្បីកម្ទេចខឿនការពារជាតិ។

«គេ» បានប្រើភូមិសាស្ត្រទឹកដីកម្ពុជា ខាងពាយ័ព្យជាប់ស្រុកចោរសៀមឲ្យចារកម្មយោធារបស់គេប្រើជាទីតាំងរើសទ័ពនិងទំនុកបម្រុងកងទ័ពដែល «គេ» ទាញបំបែកបានបញ្ចូលមនោគមវិជ្ជាឲ្យប្រឆាំង សម្តេច នរោត្តម សីហនុ។ ចំណែកមួយចំណុចទៀត «គេ» បានខ្សឹបប្រាប់មេទ័ពដែលបែកចេញពីសម្តេច នរោត្តម សីហនុ ថា «គេ» មានបានរៀបចំទ័ព «ពិសេស» ដែល «គេ» ដាក់ឈ្មោះថា «ម៉ៃហ្វក» នៅខាកើតកម្ពុជាច្រើនណាស់ ចាំជួយ ចាំគាំទ្រ ហៅចូលមកកម្ពុជា ពេលណាក៏បានដែរ កុំភ័យ។

ទីបំផុតសន្តិភាព របស់សង្គមរាស្ត្រនិយម ត្រូវដួលរលំ ប្រទេសកម្ពុជាត្រូវរលាយដែល «គេ» នោះគឺបានរួមចំណែកពីដើមទីមករហូត។

ជាមួយគ្នានេះ លោក សួន សេរីរដ្ឋា បានបង្ហាញឲ្យដឹងទៀតថា បច្ចុប្បន្ននេះតាំងពីកម្ពុជាមានការឯកភាពផ្ទៃក្នុង ទទួលបានសន្តិភាពពេញលេញ នាថ្ងៃទី២៩ ធ្នូ ១៩៩៨ ក្រោយពីនយោបាយឈ្នះ-ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ និងសម្តេចតេជោ បានដឹកនាំធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ចខ្ពស់នោះ។ នាក្រោយការបោះឆ្នោតឆ្នាំ២០០៨ មុនបោះឆ្នោតឆ្នាំ២០១៣ «គេ» ដដែលនោះបានឲ្យបើកភ្លើងខៀវដល់សម្ព័នមិត្តរបស់ «គេ» ឲ្យវាយចូលឈ្លានពានទឹកដីនិងទីតាំងប្រាសាទព្រះវិហាររបស់កម្ពុជាសាជាថ្មី។

បំណង «គេ» គឺចង់ឲ្យអូសបន្លាយសង្គ្រាមឈ្លានពានកាលណោះឲ្យរហូតដល់ឆ្នាំ២០១៣ និងបន្តលើសនេះបើចាំបាច់ ដើម្បីបានជាធាតុផ្សំរឹងមាំដែល «គេ» ជាមួយកំសួលបដិវត្តន៍ពណ៌ដែល «គេ» បានផ្តល់ថវិកា ផ្តល់ការគាំទ្រនៅបណ្តាប្រទេសជាច្រើនបានជោគជ័យនោះ ឲ្យមកវេញជាធ្លុងត្បាញ់ជាមួយសង្គ្រាមឈ្លានពានទឹកដីដែល «គេ» គាំទ្រឲ្យឈ្លានពាននោះដើម្បីបញ្ឆេះកំហឹងប្រជាជនកម្ពុជា ឲ្យឆេះឡើងរាប់ពាន់អង្សារដុតកម្ទេចប្រទេសកម្ពុជា ឲ្យរលាយដូចទសវត្សឆ្នាំ៧០ និងទម្លាក់អំណាច សម្តេចតេជោ ដូច «គេ» ទម្លាក់សម្តេច នរោត្តម សីហនុ កាលណោះ (ប៉ុន្តែករណី សម្តេចតេជោ «គេ» នោះមិនមែនបំណងត្រឹមតែ «ទម្លាក់» ទេគឺបំណងលើសពីទម្លាក់)។ តែដោយសារសម្ព័ន្ធមិត្ត «គេ» នោះវាយតម្លៃពីកម្ពុជាខុសកាលពីឆ្នាំ២០០៨ ទើបអ្វីៗត្រូវបញ្ចប់ត្រឹមឆ្នាំ២០១១ មិនមានលទ្ធភាពអូសបន្លាយដល់ឆ្នាំ២០១៣ ដូចការគ្រោងទុកក្នុងផែនការ។

តែយ៉ាងណា «គេ» ឲ្យសម្ព័ន្ធមិត្ត «គេ» ដកថយដោយយុទ្ធសាស្ត្រសម្ងំហាត់ ទិញគ្រឿងអាវុធ និងទទួលជំនួយអាវុធគ្រប់ធុនជាច្រើនទៀតពី «គេ» ដើម្បីបើកប្រតិបត្តិសារជាថ្មីម្តងទៀតគឺនៅឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ។ ចំណុចនេះខ្ញុំធ្លាប់ផ្តល់បទសម្ភាសផ្សាយជាសាធារណៈហើយថា៖ បើសង្គ្រាមឈ្លានពានលើកទី១ កាលពីខែកក្កដា ២០២៥ នោះសម្ព័ន្ធមុត្តរបស់ «គេ» វ៉ៃយើងហ្មត់ កម្ទេចយើងខ្ទេចនោះ «គេ» នឹងលើកពានឲ្យសម្ព័ន្ធមិត្ត «គេ» ឱបជុបលាង សប្បាយ ហោរកញ្ជ្រៀវជាមួយសម្ព័ន្ធមិត្ត «គេ» ហើយ «គេ» មិនខ្វល់ចូលមកអន្តរាគមន៍ស្វែងរក «បទឈប់បាញ់» អីជួយយើងទេ។ តែដោយសារតែសម្ព័ន្ធមិត្ត «គេ» ស៊ីយើងមិនដាច់ទើប «គេ» ត្រូវបត់បែននិងដូរមុខមាត់ តែនៅតែដុតសម្រាប់លើកទី២ និងបន្តឲ្យគំរាមលើកទី៣ រហូតមកដល់ថ្ងៃនេះ។

ជារួម «គេ» ធ្វើគ្រប់យ៉ាងទាំងក្នុងអតីតៈកាលនិងបច្ចុប្បន្នដើម្បីបំផ្លាញសន្តិភាព និងការឯកភាពជាតិដែលកម្ពុជាកំពុងទទួលផល។ នយោបាយ «ចាប់ដៃជាន់ជើង» និងល្បិចកល់ «ឱបពីមុខចាក់ពីក្រោយ» គឺដដែលៗនិងដើរតាមដានប្រវត្តិសាស្ត្រដដែលៗទេ គ្រាន់តែខ្មែរឆាប់ភ្លេច៕