កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ (Video inside)
15-10-2026 12:06
(ហាណូយ, វៀតណាម)៖ កងទ័ពកម្ពុជា វៀតណាម និងឡាវ បានធ្វើសមយុទ្ធរួមគ្នា ដើម្បីបង្កើនសមត្ថភាពជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ។ កម្ពុជា វៀតណាម និងឡាវ ជាប្រទេសមានព្រំដែនជាប់គ្នា ហើយមានប្រជាពលរដ្ឋច្រើនរស់នៅតាមព្រំដែន។ ការធ្វើសមយុទ្ធនេះមានគោលបំណងកែលម្អការរៀបចំបញ្ជាការ និងការសម្របសម្រួលរវាងយោធាទាំងបីប្រទេស ក្នុងការសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។ ការធ្វើសមយុទ្ធនេះ ជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារស៊ីវិល រក្សាសន្តិសុខនយោបាយ និងជួយកសាងសន្តិភាពក្នុងតំបន់។
សមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា វៀតណាម និងឡាវ បានប្រព្រឹត្តទៅនៅកងពលតូចលេខ២៤៩ នៃកងវិស្វកម្មរបស់វៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។ សមយុទ្ធនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបានដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី ក្នុងកិច្ចប្រជុំឆ្នាំ២០១៩ ក៏ដូចជាផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ២០២៦ រវាងវៀតណាម និងឡាវ និងរវាងវៀតណាម និងកម្ពុជា។
សមយុទ្ធនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង (Phan Văn Giang) សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិវៀតណាម, លោកឧត្តមសេនីយ៍ ខាំលៀង អ៊ូតាកៃសន (Khamliang Outhakaysone) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិឡាវ និងលោកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា។
សមយុទ្ធនេះធ្វើឡើងមានគោលបំណងកែលម្អការរៀបចំបញ្ជាការ និងការសម្របសម្រួលរវាងយោធាទាំងបី ក្នុងការសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ហើយក៏ជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារស៊ីវិល ពង្រឹងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងយោធាទាំងបី រក្សាសន្តិសុខនយោបាយ និងជួយកសាងតំបន់មួយដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
កងទ័ពប្រជាជនវៀតណាម កងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ បានបញ្ជូនអង្គភាពរបស់ពួកគេចូលរួមសមយុទ្ធនេះ។
ក្នុងសុន្ទរកថាបើកការធ្វើសមយុទ្ធនេះ លោក យ៉ាង បានសង្កត់ធ្ងន់ថា ក្នុងចំណោមបញ្ហាប្រឈមកើនឡើងដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ឧប្បត្តិហេតុ និងគ្រោះមហន្តរាយបរិស្ថាន និងការគំរាមកំហែងសន្តិសុខមិនប្រពៃណី ការពង្រឹងសមត្ថភាពការពារស៊ីវិល មិនត្រឹមតែជាកិច្ចការបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដ៏សំខាន់ដល់សន្តិសុខរួមរបស់វៀតណាម ឡាវ កម្ពុជា និងតំបន់ទាំងមូល។
លោកបានអះអាងថា សមយុទ្ធរួមនេះបានបន្តប្រពៃណីដ៏ល្អរបស់ប្រទេសទាំងបី និងបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យោធានៃប្រទេសទាំង៣ ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីនៅក្នុងតំបន់ ការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជន និងការការពារជីវិតដ៏សុខសាន្តរបស់ប្រជាជនពួកគេ។
រដ្ឋមន្ត្រីការពារជាតិវៀតណាម បានចាត់ទុកសមយុទ្ធនេះជាឱកាសដ៏មានតម្លៃសម្រាប់យោធាទាំងបី ដើម្បីរៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក និងកែលម្អការសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន ឧប្បត្តិហេតុ និងគ្រោះមហន្តរាយឆ្លងដែន។
ដើម្បីធានាថាសកម្មភាពនេះសម្រេចបានតាមគោលដៅ លោករដ្ឋមន្ត្រីការពារជាតិវៀតណាម បានអំពាវនាវឱ្យកងកម្លាំងដែលចូលរួមរក្សាស្មារតីទទួលខុសត្រូវ និងវិន័យ ពង្រឹងសាមគ្គីភាព និងប្រើប្រាស់សមយុទ្ធនេះជាឱកាស ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងប្រជាជននៃប្រទេសទាំងបី តាមរយៈនេះជំរុញមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនរបស់ពួកគេ។
សមយុទ្ធនេះត្រូវបានបែងចែកជាពីរដំណាក់កាលសំខាន់ៗ។ ដំណាក់កាលទីមួយផ្តោតលើការត្រៀមលក្ខណៈសម្រាប់ការឆ្លើយតបទៅនឹងព្យុះទីហ្វុងដ៏ធំមួយ ដែលរួមមានភារកិច្ចហ្វឹកហ្វឺនពីរ៖ ការបង្កើតប៉ុស្តិ៍បញ្ជាការរួម និងការចាត់តាំងភារកិច្ច និងការរៀបចំការសម្របសម្រួលរវាងកងកម្លាំង។
ដំណាក់កាលទីពីរពាក់ព័ន្ធនឹងការឆ្លើយតបជាក់ស្តែងចំពោះព្យុះទីហ្វុងដ៏ធំមួយ ជាមួយនឹងភារកិច្ចហ្វឹកហ្វឺនបី៖ ការសង្គ្រោះបន្ទាន់សម្រាប់អ្នករស់នៅក្នុងតំបន់លិចទឹក និងការដាក់ពង្រាយមន្ទីរពេទ្យវាល, ប្រតិបត្តិការសង្គ្រោះនៅរចនាសម្ព័ន្ធដែលដួលរលំ និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការលេចធ្លាយ និងការបញ្ចេញសារធាតុគីមីគ្រោះថ្នាក់៕












