FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ

15-10-2026 11:52

(ភ្នំពេញ)៖ នៅតាមបណ្តាញសង្គម Channel CoolApp នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងយ៉ាងមុតមាំថា កម្ពុជាមិនដែលប្រើប្រាស់ច្បាប់អន្តរជាតិ និងទំនាក់ទំនងការទូតដើម្បីសម្រេចការឈ្លានពានលេបយកទឹកដីប្រទេសណាមួយឡើយ។

លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ និងជារដ្ឋឯករាជ្យដែលរដ្ឋសភាបានផ្តល់បត្យាប័នទទួលស្គាល់ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ កម្ពុជាមានសិទ្ធិសិទ្ធិ និងបុព្វសិទ្ធិស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ ទាមទារទឹកដីដែលត្រូវបានប្រទេសជិតខាងឈ្លានពាន ព្រមទាំងទាមទារការគោរពអធិបតេយ្យភាពទឹកដីដ៏ស្របច្បាប់របស់ខ្លួន។

ជាមួយគ្នានេះ លោកក៏បានលើកឡើងជាសំណួរយុទ្ធសាស្ត្រ និងពិចារណាផងដែរថា បើរដ្ឋឯករាជ្យអធិបតេយ្យមួយ ដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវរងការឈ្លានពាន លេបយកទឹកដីពីសំណាក់ប្រទេសជិតខាងដែលអាងកម្លាំងយោធា និងសព្វាវុធតាមអំពើចិត្ត ព្រមទាំងប្រើកម្លាំងទ័ពគូសវាសបន្ទាត់ព្រំដែនថ្មីដោយឯកតោភាគី តើសណ្តាប់ធ្នាប់ពិភពលោកដែលត្រូវធានាដោយក្រុមប្រទេសមហាអំណាច និងច្បាប់អន្តរជាតិនោះ នឹងត្រូវយកទៅទុកនៅឯណា?