ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូ FASMEC ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»
15-10-2026 11:23
(ភ្នំពេញ)៖ នាថ្ងៃទី១៥ ខែតុលា ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួបនៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ។
ក្នុងឱកាសនេះ ឧកញ៉ា តែ តាំងប៉ និងប្រតិភូ បានសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងសមាជិកសមាគមទាំងអស់ បានបួងសួងសូមឱ្យដួងព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» បានយាងទៅបដិសន្ធិក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕










