ព្រះរតនសោភ័ណ ម៉ន បឿន រៀបចំពិធីសង្គហទានជូនដល់សាលាឃុំ រដ្ឋបាលប៉ុស្តិ៍ និងចាស់ព្រឹទ្ធាចារ្យ ក្រោយពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅខេត្តកំពង់ស្ពឺ
15-10-2026 11:04
(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាគណៈសង្ឃនាយក ជាព្រះវិន័យធរគណស្តីទី ខេត្តកំពង់ស្ពឺ និងជាចៅអធិការវត្តចំបក់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីសង្គហទានដ៏ថ្លៃថ្លាជូនដល់សាលាឃុំវល្លិ៍ស រដ្ឋបាលប៉ុស្តិ៍វល្លិ៍ស និងចាស់ព្រឹទ្ធាចារ្យចំនួន ៨៩នាក់ នៅក្នុងមូលដ្ឋាន។
ពិធីសង្គហទាននេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់ទៅ ដើម្បីជាការចែករំលែកក្តីមេត្តាធម៌ និងការយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាពិសេសចាស់ព្រឹទ្ធាចារ្យ ដែលបានចូលរួមចំណែកក្នុងការថែរក្សា និងអភិវឌ្ឍន៍សង្គម។ ទេយ្យវត្ថុដែលបានប្រគេន និងចែកជូនរួមមាន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាការរួមចំណែកជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។
ការរៀបចំពិធីនេះ បានបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ព្រះសង្ឃចំពោះសង្គមជាតិ ស្របតាមគន្លងព្រះពុទ្ធសាសនា។ ព្រះរតនសោភ័ណ ម៉ន បឿន ក៏បានអំពាវនាវដល់សាធុជនទាំងអស់ ចូលរួមអនុមោទនាបុណ្យកុសលនេះ ដើម្បីទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕






















