បណ្ឌិត អ៊ាង សុផល្លែត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល CBD COP17 នៅអាមេនី
15-10-2026 10:42
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) ដែលប្រព្រឹត្តទៅនៅទីក្រុងយ៉េរ៉េវ៉ាន់ ប្រទេសអាមេនី។
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល CBD COP17 នេះ បណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងបទអន្តរាគមន៍ និងសេចក្តីថ្លែងការណ៍តំណាង ឱ្យព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើការងារអភិរក្សធនធានធម្មជាតិ ការពារជីវៈចម្រុះ និងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ «ភាពស្អាត ភាពបៃតង និងចីរភាព»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល CBD COP17 ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូប មកពីជុំវិញសកលលោក ដើម្បីរួមគ្នាពិភាក្សា និងវាយតម្លៃជាសកល អំពីវឌ្ឍនភាពនៃការអនុវត្ត «ក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរេអាល់» (Kunming-Montreal Global Biodiversity Framework - KMGBF) សំដៅជំរុញសកម្មភាពការពារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះរបស់ភពផែនដី។
បន្ថែមពីនេះ គណៈប្រតិភូកម្ពុជាគ្រោងជួបពិភាក្សាការងារទ្វេរភាគី និងពហុភាគីជាមួយបណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
