ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ព្រមទាំងសប្បុរសជន ផ្តល់ធុងស្តុកទឹកចំណុះ២០០០លីត្រ ចំនួន១០០ធុង ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែនដែលកំពុងឈរជើងនៅទិសសមរភូមិមុខភូមិភាគ៤
15-10-2026 10:01
(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី នេត ធីតាវិឈុណា ព្រមទាំងសប្បុរសជន បានផ្តល់អំណោយដ៏ថ្លៃថ្លាជាធុងស្តុកទឹកចំណុះ ២០០០លីត្រ ចំនួន ១០០ធុង ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែនដែលកំពុងឈរជើងនៅទិសសមរភូមិមុខភូមិភាគ៤។
ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងនគរបាលការពារព្រំដែន លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ មានសេចក្តីសោមនស្សរីករាយឥតឧបមា ចំពោះសន្តានចិត្តដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ និងលោកស្រី នេត ធីតាវិឈុណា ព្រមទាំងសប្បុរសជនទាំងអស់ ដែលជានិច្ចជាកាលតែងតែជួយទំនប់បំរុង និងចូលរួមជាមួយនគរបាលការពារព្រំដែន ក្នុងការឧបត្ថម្ភគាំទ្រនូវ មធ្យោបាយ និង គ្រឿង ឧបភោគ បរិភោគ និងសម្ភារ យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កងកម្លាំងនគរបាលការពារព្រំដែនឈរជើងនៅទិសសមរភូមិមុខភូមិភាគ៤។
លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានគូសបញ្ជាក់ថា ការផ្តល់ជូនធុងទឹកទាំងនេះ ស្តែងចេញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់កងកម្លាំង ជាពិសេសការផ្តល់នូវកម្លាំងចិត្ត ភាពកក់ក្តៅ និងក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលកំពុងលះបង់ស្មារតី ពេលវេលា និងកម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
បើតាមលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ, អំណោយទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើអង្គភាព ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសជួយសម្រាលបន្ទុកមួយចំនួនរបស់កងកម្លាំង ក្នុងកាលៈទេសៈចាំបាច់ផ្សេងៗ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង សូមជូនពរឯកឧត្តម ឧត្ដមសេនីយ៍ឯក និងលោកស្រី ព្រមទាំងសប្បុរសជនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបរបររកទទួលទានកាន់តែជោគជ័យ ព្រមទាំងសម្រេចបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕









