អភិបាលខេត្តកែប ចុះផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ ជាង១០០គ្រួសារ នៅស្រុកដំណាក់ចង្អើរ
15-10-2026 08:20
(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីជំនាញ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋចំនួន ១១៤គ្រួសារ ដែលបានដោះស្រាយបញ្ចប់ទំនាស់ដីធ្លី កាលពីពេលកន្លងទៅ។
ពិធីបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្រុកដំណាក់ចង្អើរ ខេត្តកែប។
នាឱកាសនោះ លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ដីធ្លីដែលបានចុះបញ្ជី និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ គឺមានសុវត្ថិភាព និងជាមូលធន ដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ថា «ដីធ្លីបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធន»។
លោកអភិបាលខេត្ត បន្តទៀតថា ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ។
ការងារនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្រ ពង្រឹងយុត្តិធម៌ និងរក្សាស្ថិរភាពសង្គមផងដែរ។ លោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លី ព្រមទាំងសហការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋរហូតទទួលបានលទ្ធផលជាក់ស្តែង។
លោកក៏បានសម្តែងការអបអរសាទរចំពោះប្រជាពលរដ្ឋ ទាំង ១១៤គ្រួសារ ដែលទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាការធានាសុវត្ថិភាពផ្នែកច្បាប់ និងជួយកាត់បន្ថយការព្រួយបារម្ភពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ។
លើសពីនេះ ប័ណ្ណកម្មសិទ្ធិ ក៏ជាមូលធនដ៏មានតម្លៃ ដែលអាចជួយបង្កើនឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តកែប ឱ្យកាន់តែប្រសើរឡើងផងដែរ៕
























