FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ (Video inside)

14-10-2026 20:55

(បាគូ, អាស៊ែបៃហ្សង់)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់។

ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្តែងក្តីរីករាយក្នុងការស្វាគមន៍​សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​កំពូល CICA លើកទី៧។

លោកស្រីក៏បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងអាស៊ែបៃហ្សង់ និងកម្ពុជា ក្នុងរយៈពេលជាង៣ទសវត្សរ៍​កន្លងមកនេះ ទាំងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, សភា និងសភា ក៏ដូចជាគណបក្ស និងគណបក្ស ដែល​ការណ៍នេះបង្ហាញអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ។ លោកស្រីសង្ឃឹម​ថា ប្រទេសទាំងពីរនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បី​ផ្ដល់​ជាឧត្តមប្រយោជន៍បន្ថែមទៀតដល់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន​អាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនសម្តេច និង​គណៈប្រតិភូកម្ពុជា ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ចផ្លូវការនាពេលនេះ។ សម្ដេចមហាបវរធិបតី បានគូសរំលេចអំពីកិច្ចពិភាក្សាដែលសម្ដេច និងលោកប្រធានាធិបតីអាស៊ែបៃហ្សង់ បានឯកភាពគ្នា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី​ក្នុងវិស័យ​ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និង​ការ​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

សម្តេចមហាបវរ​ធិបតី​ និង​លោកស្រី​ប្រធាន​សភា​ ក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំង​ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ។ ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានលើកឡើងពីតួនាទី​ដ៏មាន​សារៈសំខាន់របស់សភា ក្នុងការពង្រឹងភាពជឿជាក់, កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញ​ទៅ​មក​រវាងប្រជាជាតិទាំងពីរ។

សម្ដេចមហាបវរធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការគ្រប់កម្រិត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ ជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ តាមរយៈការទាញយកសក្ដានុពលពេញលេញពីទំនាក់ទំនងទ្វេភាគីនេះ៕