ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
14-10-2026 20:30
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការផ្សព្វផ្សាយ ឬការអូសទាញជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី ជាពិសេសការសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់ និងប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារជាមុន ដើម្បីចៀសវាងការចាញ់បោកពីជនខិលខូច។
យោងតាមសេចក្តីជូនដំណឹងដដែល គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសរុស្ស៊ីនៅឡើយទេ។
ក្រសួងបានអំពាវនាវដល់សាធារណជនកុំឱ្យជឿតាមការឃោសនា ឬការអូសទាញពីសំណាក់បុគ្គល ឬក្រុមណាមួយ ដែលអះអាងថាកំពុងជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី ដោយសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់ ឬប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារជាមុន។
ទន្ទឹមនឹងនេះ ក្រសួងបានព្រមានថា ការផ្សព្វផ្សាយ ឬការជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ីដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច គឺជាសកម្មភាពខុសច្បាប់ ដែលអាចប្រឈមនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន។
ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានដឹង បានឮ ឬបានឃើញសកម្មភាពសង្ស័យពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងការជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី ត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចុះត្រួតពិនិត្យ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់។
ក្រសួងបានបញ្ជាក់បន្ថែមថា ប្រសិនបើមានកិច្ចព្រមព្រៀង ឬយន្តការផ្លូវការណាមួយសម្រាប់ការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសរុស្ស៊ីនាពេលអនាគត ក្រសួងនឹងជូនដំណឹងជាផ្លូវការដល់សាធារណជន។
ក្នុងករណីមានការសង្ស័យ ឬត្រូវការព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងដដែល៕

