អភិបាលខេត្តកំពត ណែនាំឲ្យអ្នកវិនិយោគផ្សារ ត្រូវអនុវត្តន៍តាមសៀវភៅបន្ទុក ,បើមិនអនុវត្តទេ នឹងបញ្ចប់កិច្ចសន្យាវិនិយោគ
14-10-2026 20:23
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឲ្យអ្នកវិនិយោគផ្សារទាំងអស់ក្នុងខេត្ត ត្រូវគោរពទៅតាមសៀវភៅបន្ទុក ហើយប្រសិនបើរកឃើញថា អ្នកវិនិយោគផ្សារ មិនបានអនុវត្តន៍ត្រឹមត្រូវ តាមសៀវភៅបន្ទុកនោះទេ និងត្រូវបញ្ចប់កិច្ចសន្យា និងយកអ្នកវិនិយោគថ្មី មកគ្រប់គ្រងដើម្បីផ្តល់ភាពកក់ក្តៅដល់អាជីវករ។
ការថ្លែងបែបនេះរបស់លោកអភិបាលខេត្ត ធ្វេីឡេីងនៅឆក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ក្រោមអធិបតីភាព លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោនៃសាលាខេត្តកំពត។
លោកអភិបាលខេត្ត បន្តថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តកំពត ដោយទទួលបានការគាំទ្រពីក្រុមប្រឹក្សាខេត្ត គឺមានការអភិវឌ្ឍរីកចម្រើនខ្លាំង ពិសេសវិស័យទេសចរណ៍ ដែលបានជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសង្កេតឃើញថា ផ្សារក្នុងខេត្ត និងតាមបណ្តាក្រុង-ស្រុកទាំង៩ ជាទីតាំងសំខាន់មួយ ដែលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករផងដែរ។ តាមការសង្កេតផ្ទាល់របស់លោក ឃើញថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ តាមបណ្តាផ្សារទាំងអស់ទាំង៩ ក្រុង-ស្រុក អ្នកវិនិយោគផ្សារ គឺមិនបានអនុវត្តន៍ទៅតាមសៀវភៅបន្ទុកត្រឹមត្រូវនោះឡើយ ហើយផ្សារមានបរិស្ថានមិនស្អាត កខ្វក់ គ្មានប្រព័ន្ធលូដោះទឹក គ្មានការចាក់បេតុងជុំវិញ និងក្នុងបរិវេណផ្សារជាដើម ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលដ្ឋពិបាកក្នុងការចូលទិញម្ហូបអាហារ ពិសេសប៉ះពាល់ដល់សុខភាព និងការលក់ដូររបស់អាជីវករ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអភិបាលខេត្ត បានដាក់បទបញ្ជាផ្ទាល់ទៅកាន់អាជ្ញាធរក្រុង-ស្រុកទាំង៩ ពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ត្រូវចុះតាមដានត្រួតពិនិត្យ ចំពោះការអនុវត្តរបស់អ្នកវិនិយោគផ្សារ ហើយប្រសិនបើរកឃើញថា ពួកគាត់មិនបានអនុវត្តន៍ត្រឹមត្រូវតាមសៀវភៅបន្ទុកនោះទេ លោកនឹងនាំអាជីវករក្នុងផ្សារទាំងអស់ បោះឆ្នោតទម្លាក់ និងបញ្ចប់កិច្ចសន្យា ហើយរកអ្នកវិនិយោគថ្មីដែលមានឆន្ទៈក្នុងការអភិវឌ្ឍផ្សារមកជំនួសវិញ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ម៉ៅ ធនិន បានស្នើដល់លោកប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ បន្តគាំទ្រនូវគម្រោងអភិវឌ្ឍន៍ផ្សារ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ពិសេសការបង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ សមិទ្ធិផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តក្នុងខេត្ត កាន់តែច្រើនបន្ថែមទៀត សំដៅលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្នុងខេត្ត។
លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា សម្រាប់ក្នុងឱកាសនៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែឆ្នាំនេះ ខេត្តកំពតនឹងមានការប្រណាំងទូក.ង រយៈពេល៣ថ្ងៃផងដែរ គឺនៅថ្ងៃទី២៣,២៤ និង ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឆ្នេរខ្សាច់ចន្លោះស្ពានឥន្ទធនូ និងស្ពានថ្ម មុខរូបសំណាកបាតដៃសុភមង្គល៕














