FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា

14-10-2026 20:14

(ឡាអេ, ហូឡង់)៖ គណៈប្រតិភូជាន់ខ្ពស់ និងក្រុមអ្នកច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងគ្រប់ជ្រុងជ្រោយលើបញ្ហាព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព (Peace Palace) ដែលជាទីស្នាក់ការកណ្ដាលនៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការដឹកនាំរបស់ លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry)។ ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ខណៈភាគីថៃ ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ។

គោលបំណងចម្បងបំផុតរបស់កម្ពុជាក្នុងយន្តការនេះ គឺការសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ដោយឡែក ជាជម្រើសផ្សេងទៀត កម្ពុជាក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។

ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាបានស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចា ឈានទៅសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។

សូមរម្លឹកជូនថា កិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ នាពេលនេះ គឺជាការបន្តវឌ្ឍនភាពបន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សារវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នៅប្រទេសសិង្ហបុរី៕