FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះសោភ័ណរក្ខិត នាត សុផានិត និងមេឃុំរណសិរ្ស ស្រុកសង្គមថ្មី ដឹកនាំពុទ្ធបរិស័ទនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រគល់ជូនវីរកងទ័ពជួរមុខ

14-10-2026 20:14

(ព្រះវិហារ)៖ ព្រះសោភ័ណរក្ខិត នាត សុផានិត ព្រះរាជាគណៈ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន ហៅតាសែង ស្ថិតនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រួមជាមួយលោក គុណ សុខវុធ មេឃុំរណសិរ្ស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំពុទ្ធបរិស័ទនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនទៅសួរសុខទុក្ខ និងប្រគល់ជូនវីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិជួរមុខ។

ការនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់នេះ បានបង្ហាញពីទឹកចិត្តសប្បុរសធម៌ ការចែករំលែក និងការយកចិត្តទុកដាក់របស់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ចំពោះវីរកងទ័ពដែលកំពុងលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចការពារជាតិ និងប្រជាពលរដ្ឋ។

អំណោយដែលបាននាំយកទៅប្រគល់ជូនវីរកងទ័ពនៅពេលនោះ រួមមាន៖ នំបញ្ចុកសម្លការីចំនួន ២៦៨គីឡូក្រាម នំប៉័ងចំនួន ៤០០នំ នំក្រៀមចម្រុះចំនួន ៤៨គីឡូក្រាម នំអន្សមចំនួន ៥០០នំ កាហ្វេ បារី សាប៊ូម្សៅ ផ្ទាំងសូឡាចំនួន ៥ឈុត អាវភ្លៀងចំនួន ៥០អាវ ទឹកពិសាបរិសុទ្ធចំនួន ៧៤៤យួរ ព្រមទាំងច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញផងដែរ។

ក្រោយពីប្រគល់អំណោយរួច ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ បានជួបសំណេះសំណាលជាមួយវីរកងទ័ព ដោយមានការថ្លែងអំណរគុណចំពោះគ្នាទៅវិញទៅមក ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ។សកម្មភាពនេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការរួបរួមគ្នារវាងព្រះសង្ឃ ប្រជាពលរដ្ឋ ក្នុងការលើកទឹកចិត្ត និងគាំទ្រដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ៕