កម្ពុជា-អាល្លឺម៉ង់ ពង្រីកការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើវិស័យសុខាភិបាល ដើម្បីឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ
14-10-2026 20:07
(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងគណៈប្រតិភូតំណាងទីភ្នាក់ងារ GIZ និងធនាគារ KfW ភាគីទាំងពីរបានបញ្ជាក់ជំហរយ៉ាងរឹងមាំថា នឹងពង្រីកការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើវិស័យសុខាភិបាល ដើម្បីឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ។
ជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងសុខាភិបាល ជាផ្នែកមួយសំខាន់ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែងក្នុងវិស័យសុខាភិបាល (ដែលមានតាំងពីឆ្នាំ១៩៩៤) ព្រមទាំងពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗ រួមមាន៖១) គម្រោង ISPH (GIZ)៖ ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល (UHC), ២) កម្មវិធី H-EQIP I+II និង CNP (KfW)៖ លើកកម្ពស់សមធម៌ គុណភាពសេវាសុខាភិបាល និងអាហាររូបត្ថម្ភ ជូនប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះ និង៣) គម្រោងសុខភាពតែមួយ (One Health for Cambodia - KfW)៖ គម្រោងប្រយុទ្ធនឹងភាពស៊ាំថ្នាំអង់ទីប៊ីយូទិក ទប់ស្កាត់ជំងឺឆ្លងសត្វមកមនុស្ស និងឆ្លើយតបការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ហើយបានស្នើឱ្យភាគីអាល្លឺម៉ង់បន្តគាំទ្រ យូរអង្វែង និងរៀបចំគម្រោងសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ។ លោកសាស្ត្រាចារ្យក៏បានបញ្ជាក់ជាថ្មីពីការតាំងចិត្តខ្ពស់របស់សុខាភិបាលកម្ពុជា ក្នុងការអនុវត្តរាល់គម្រោងទាំងអស់ឱ្យមានប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕



























