FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារថែទាំព្យាបាលថ្មីនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក កម្ពស់ ១៥ជាន់ មានជាង២០០គ្រែ បានបញ្ចុះបឋមសិលាសាងសង់ ដើម្បីពង្រីកសមត្ថភាពបម្រើសេវាថែទាំព្យាបាលជូនប្រជាជន

14-10-2026 20:01

(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក (NMCHC) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងអគារថ្មីបន្ថែមទៀតដែលមានកម្ពស់ ១៥ជា​ន់ គ្រែជាង ២០០គ្រែ ដើម្បីពង្រីកសមត្ថភាពបម្រើសេវាថែទាំព្យាបាលជូនមាតា និងទារក។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រជាតិដ៏សំខាន់មួយក្នុងការបង្កើនសមត្ថភាពបម្រើសេវាថែទាំ និងព្យាបាលប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គុណភាពសេវាសុខាភិបាល អគារកម្ពស់ ១៥ ជាន់នេះ ត្រូវបានរៀបចំ និងបំពាក់ដោយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់វះកាត់ប្រកបដោយស្តង់ដារ ដែលមានផ្នែកថែទាំទារក (NCU & NICU) ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកជំងឺទូទៅ និងវះកាត់ ផ្នែកមន្ទីរពិសោធន៍ សាលប្រជុំ និងបណ្តុះបណ្តាល។

លើសពីនេះអគារថ្មីនេះក៏បានបំពាក់នូវប្រព័ន្ធជណ្តើរយន្តទំនើប ប្រព័ន្ធឧស្ម័នពេទ្យ បន្ទប់សម្រាកព្យាបាល (Inpatient Wards / VIP Rooms) និងបន្ទប់ប្រចាំការរបស់គ្រូពេទ្យ ដើម្បីធានាបាននូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុតអ្នកជំងឺ និងក្រុមគ្រួសារ។

«ការបង្កើតអគារថែទាំព្យាបាលកម្ពស់ ១៥ ជាន់ ដែលមាន ២០០គ្រែនេះ គឺជាសមិទ្ធផលថ្មីមួយទៀត និងជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃសេវាថែទាំសុខភាពមាតានិងទារកនៅមជ្ឈមណ្ឌល។ យើងខ្ញុំជឿជាក់ថា អគារថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតានិងទារក ព្រមទាំងផ្តល់នូវបរិស្ថានព្យាបាលដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ គម្រោងសាងសង់អគារថែទាំព្យាបាលថ្មីនេះ នឹងត្រូវបដិសន្ធិឡើង និងសាងសង់បញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៨» ។នេះបើតាមការបញ្ជាក់របស់លោកស្រីសាស្ដ្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក៕