កម្ពុជា ឡាវ និងវៀតណាម បិទបញ្ចប់លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នាឆ្នាំ២០២៦ ដោយជោគជ័យ
14-10-2026 18:49
(វៀតណាម)៖ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពចំនួន៣ប្រទេស គឺ កម្ពុជា ឡាវ និងវៀតណាម ប្រចាំឆ្នាំ២០២៦ ដែលបានធ្វើឡើង នៅរដ្ឋធានីហាណូយ បានប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ នៅរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ នេះបើតាម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លើកឡើងនៅលើបណ្តាញ។
គោលដៅចម្បង និងសំខាន់បំផុតនៃការហ្វឹកហ្វឺនរួមគ្នានេះ គឺការការពារ និងសង្គ្រោះអាយុជីវិត ក៏ដូចជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។
ជាមួយនឹងការចូលរួមពិធីបិទបញ្ចប់លំហាត់ហ្វឹកហ្វឺននេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះក្រសួងការពារជាតិវៀតណាម ដែលបានចាត់បញ្ជូនកងកម្លាំងចំនួន ២,៣៨២នាក់ រួមជាមួយសម្ភារសង្គ្រោះដ៏ទំនើបនិងថ្មីៗ ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដូចជាព្យុះ ទឹកជំនន់ ការបាក់ដី និងការបាក់អគារ ដែលបានបង្ហាញឱ្យឃើញពីបទពិសោធន៍ដ៏ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាជន។
នៅក្នុងលំហាត់ហ្វឹកហ្វឺនខាងលើ កងទ័ពកម្ពុជាចំនួន ៧២នាក់ និងកងទ័ពឡាវចំនួន ៧៤នាក់ ក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំលំហាត់ហ្វឹកហ្វឺននេះ ដោយទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមលក្ខណៈទប់ស្កាត់គ្រោះមហន្តរាយ។
ជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នានេះ មិនត្រឹមតែបានពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងបីក្នុងការឆ្លើយតបចំពោះគ្រោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថែរក្សាសុវត្ថិភាព និងសុខុមាលភាពជូនប្រជាជនក្នុងតំបន់ផងដែរ៕










