គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បន្តចុះត្រួតពិនិត្យជនបរទេសស្នាក់នៅ រកឃើញសរុប៥៧នាក់ មានឯកសារត្រឹមត្រូវ និងមិនពាក់ព័ន្ធបទល្មើស Online Scams
14-10-2026 18:34
(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបន្តចុះអនុវត្តការងាររដ្ឋបាលត្រួតពិនិត្យជនបរទេសស្នាក់នៅ តាមបណ្តាសង្កាត់នានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅថ្ងៃទី១៣ និងទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយរកឃើញជនបរទេសសរុបចំនួន ៥៧នាក់ ដែលមានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធបទល្មើស ស្កេមអនឡាញឡើយ។
ប្រតិបត្តិការនេះ ត្រូវបានសម្របសម្រួលដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត និងមានការដឹកនាំផ្ទាល់ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានចុះអនុវត្តនៅសង្កាត់អូរជ្រៅ ចំនួន ២ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅចំនួន ៣២នាក់ (ស្រី២នាក់) ក្នុងនោះមានជនជាតិបង់ក្លាដេស ១៤នាក់ និងជនជាតិឥណ្ឌូណេស៊ី ១៨នាក់ (ស្រី ២នាក់)។ ជនបរទេសទាំងអស់នេះ មានឯកសារត្រឹមត្រូវ និងមិនជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ។
បន្តមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានចុះអនុវត្តនៅសង្កាត់អូរជ្រៅ ចំនួន ២ទីតាំង និងសង្កាត់ផ្សារកណ្ដាល ចំនួន ១ទីតាំង។ នៅក្នុងសង្កាត់អូរជ្រៅ ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅចំនួន ២៥នាក់ (ស្រី ១២នាក់) ដែលមានជនជាតិថៃ ២១នាក់ (ស្រី ១២នាក់) និងជនជាតិឥណ្ឌូណេស៊ី ៤នាក់។
ចំណែកនៅសង្កាត់ផ្សារកណ្ដាល ពុំមានរកឃើញជនបរទេសស្នាក់នៅឡើយ។ ជនបរទេសដែលរកឃើញនៅថ្ងៃទី១៤ ក៏មានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញដែរ៕





