FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ប្រាំង ជលសា ចុះសួរសុខទុក្ខអ្នកជំងឺ និងប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

14-10-2026 18:09

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រួមជាមួយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអ្នកជំងឺ និងគ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកក្រគរ ក្រោយពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ត្រូវបានជន់លិចយ៉ាងដំណំ ដោយសារជំនន់ទឹកភ្លៀង។

នាឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់អន្តរាគមន៍ទាន់ពេលវេលា ក្នុងការជួយជម្លៀសអ្នកជំងឺមកកាន់ទីកន្លែងសុវត្ថិភាព។

លោកបណ្ឌិត ប្រាំង ជលសា បានមានប្រសាសន៍ផ្តាំផ្ញើ និងដាស់តឿនឱ្យបងប្អូនថែរក្សាសុខភាព ដោយលោកបានបញ្ជាក់ថា ជំនន់នេះអាចនឹងឆាប់ស្រកចុះវិញ ប្រសិនជាផ្នែកខាងលើ ភ្លៀងនៅតែមិនបន្តធ្លាក់ចុះ ដូច្នេះបងប្អូនពុកម៉ែប្រជាពលរដ្ឋ អាចនឹងបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកវិញ ហើយក៏សូមជូនពរឱ្យបានជាសះស្បើយឆាប់បានត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត បានចែកជូនវត្ថុកំដរដៃ ដល់អ្នកជំងឺ តាមរយៈក្រុមគ្រួសារដែលកំពុងមើលថែទាំ ចំនួន១២២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៤០,០០០រៀលស្មើៗគ្នា។

ក្នុងថ្ងៃដដែលនោះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យដោយផ្ទាល់ នូវការជន់លិចជំនន់ទឹកភ្លៀង ព្រមទាំងណែនាំដល់ក្រុមការងារចុះជួយតាមបណ្តាឃុំ ក្នុងស្រុកក្រគរ ត្រូវមើលថែទាំ និងពន្លឿនការចុះអន្តរាគមន៍ជួយ ក៏ដូចជាផ្តល់ស្បៀងសង្គ្រោះបឋមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋយើងដែលរងគ្រោះ។

គួរជម្រាបជូនថា បន្ទាប់ពីកម្ពុជាទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាបពី ព្យុះទី២៨ (Nolo) និងព្យុះទី២៩ (Koguma) បានបង្កឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ៤ថ្ងៃ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឃុំចំនួន១១ នៃរដ្ឋបាលស្រុកក្រគរ (ស្មើនឹង ៤៧ភូមិ) បានទទួលរងផលប៉ះពាល់នៃជំនន់ទឹកភ្លៀង មានប្រជាពលរដ្ឋរងផលប៉ះពាល់ ចំនួន១,៣២៤គ្រួសារ និងផ្លូវថ្នល់រងការលិចលង់ ៥៧ខ្សែ (ប្រវែងសរុប ១៧,៥៣៥ម៉ែត្រ)។ ក្នុងនោះ ភូមិចំនួន ៦ ក្នុងឃុំឈើតុំ ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ ភូមិកប៉ាស់លើ, ភូមិកប៉ាស់, ភូមិបំណក់, ភូមិដង្កៀបក្ដាម, ភូមិទួលត្បែង និងភូមិក្រាំងខឿន ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ សរុប ៩៥៦គ្រួសារ៕