ទឹកស្ទឹងពោធិ៍សាត់កើនឡើងដល់កម្រិតប្រកាសអាសន្ន អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់
14-10-2026 18:06
(ពោធិ៍សាត់)៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ស្តីពី «ស្ថានភាពទឹកស្ទឹងពោធិ៍សាត់» ដោយបានបញ្ជាក់ថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់បានកើនឡើងរហូតដល់កម្រិតត្រូវប្រកាសអាសន្ន ដោយសារឥទ្ធិពលនៃភ្លៀងធ្លាក់ជាប់ៗគ្នា និងជំនន់ទឹកភ្លៀងធ្លាក់ពីតំបន់ជួរភ្នំ។
តាមការសង្កេត និងតាមដានស្ថានភាពធាតុអាកាស ខេត្តពោធិ៍សាត់ បានទទួលរងឥទ្ធិពលពី៖
*ព្យុះទី២៨ ឈ្មោះ «ណូឡូ (Nolo)» និង ព្យុះទី២៩ ឈ្មោះ «កូហ្គូម៉ា (Koguma)»
*ព្យុះទាំងពីរនេះបានបន្តបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
យោងតាមការទស្សន៍ទាយអាកាសធាតុ (០៩ - ១៥ តុលា ២០២៦) ខេត្តពោធិ៍សាត់នឹងមានពពកច្រើន ព្រមទាំងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងខេត្ត លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ ហូរចាក់មកលើដងស្ទឹងពោធិ៍សាត់ ដែលធ្វើឱ្យទឹកស្ទឹងមានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងអាចបង្កឱ្យមានគ្រោះទឹកជំនន់កើតឡើង។
ដើម្បីត្រៀមលក្ខណៈការពារ និងបង្ការគ្រោះធម្មជាតិទឹកជំនន់ដែលអាចកើតមានឡើងដោយយថាហេតុ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ សូមអំពាវនាវដល់អាជ្ញាធរដែនដី ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យបានទាន់ពេលវេលា។ ប្រជាពលរដ្ឋពិសេសអ្នករស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។
សូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានបច្ចុប្បន្នភាពអាកាសធាតុ និងការណែនាំពីអាជ្ញាធរមូលដ្ឋានជាប្រចាំ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ៕












