FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងឧស្សាហកម្ម និងរដ្ឋបាលខេត្តកំពត បើកសិក្ខាសាលាស្ដីពីវិធីសាស្ត្រលើកកម្ពស់ផលិតភាព «ខាយហ្សិន» នៅខេត្តកំពត

14-10-2026 17:19

(កំពត)៖ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការតំណាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក កើត ឆែ អភិបាលរងខេត្ត ដំណាងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសិក្ខាសាលាស្ដីពីវិធីសាស្ត្រលើកកម្ពស់ផលិតភាព «ខាយហ្សិន» ដែលបានរៀបចំធ្វើឡើង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពត។

ពិធីនេះមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ លោកស្រី ស៊ឹម ណាវី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត ជួរថ្នាក់ដឹកនាំនៃមន្ទីរ អ្នកធុរកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក កើត ឆែ បានបញ្ជាក់ថា ការគ្រប់គ្រង និងការលើកកម្ពស់ផលិតភាពវិធីសាស្ត្រ «ខាយហ្សិន» គឺជាការកែមល្អការងារអាជីវកម្ម សេវាកម្ម ដែលចាប់ផ្ដើមពីការផ្លាស់ប្ដូរតូចៗ ការកាត់បន្ថយចំណុចខ្វះខាត ការដោះស្រាយបញ្ហាជាក់ស្ដែង និងបញ្ហាប្រឈម ឬឧបសគ្គអាជីវកម្ម ដែលបានកើតមានឡើង ធ្វើឲ្យការងារកាន់តែមានគុណភាព និងប្រសិទ្ធភាព។

លោក កើត ឆែ ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ សូមមេត្តាយកចិត្តទុកដាក់ ចូលរួមឲ្យបានពេញលេញ ចប់ចុងចប់ដើម ដើម្បីធានាឲ្យអង្គសិក្ខាសាលារបស់យើង ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា ជាពិសេសយើងរួមគ្នា កាត់បន្ថយថ្លៃដើម កែលម្អផលិតកម្ម អាជីវកម្ម ឱ្យកាន់តែមានភាពធន់ និងចីរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក ភោគ សុវណ្ណរិទ្ធ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របច្ចកោនដំណាក់កាលទី១ ក្នុងនោះការគាំទ្រដល់វិស័យឯកជន ជាចំណុចអាទិភាព សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយកែសម្រួលនីតិវិធីនានាជាបន្តបន្ទាប់។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដោយមានយន្តការមួយចំនួន សម្រាប់ជួយដល់សហគ្រាសធុនមេក្រូ តូច និងមធ្យម នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ដូចជា៖ ការគ្រោងបង្កើតនូវអង្គភាពមួយ ស្ថិតនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាចំណុចប្រមូលផ្ដុំ ដើម្បីសម្រួលដល់ការចុះបញ្ជី ការផ្ដល់សេវាបច្ចេកទេស ភាពអនុលោម និងការផ្តល់ទុនកម្ចីខ្នាតតូចជាដើម។

កន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងបង្កើតកម្មវិធីសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនានាជាច្រើន។ដោយផ្ដោតលើបច្ចេកទេស ភាពអនុលោម និងបង្កើនផលិតភាព សំដៅកាត់បន្ថយថ្លៃដើមផលិតផល សហគ្រាសធុនមីក្រូ តូច និងមធ្យម។

ដោយឡែកសិក្ខាសាលាថ្ងៃនេះ ជាឱកាសដែលបងប្អូន ក្មួយៗ និស្សិតទាំងអស់ អាចស្វែងយល់ពីផលិតភាព ដែលវាគ្មិននៃមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើបទបង្ហាញពីប្រធានបទ ដែលជាវិធីសាស្ត្រចាប់ផ្ដើមអនុវត្តដំបូង សម្រាប់បង្កើនផលិតភាព មានដូចជា៖

*ទី១៖ ការយល់ដឹងពីវិធីសាស្ត្រ «ស៥» ដែលជាពិធីសាស្រ្តមួយ មានប្រព័ន្ធអនុវត្តត្រឹមត្រូវក្នុងការកាត់បន្ថយភាពខ្ជះខ្ជាយ បំបាត់សំណល់ ទីកន្លែងការងារមានសណ្ដាប់ធ្នាប់ និងបុគ្គលិកមានវិន័យ។
*ទី២៖ ការយល់ដឹងពីវិធីសាស្រ្ត ខាយហ្សិន គឺជាសកម្មភាពស្វែងរកចំណុចអសកម្ម ស្ថានភាពប្រឈម ដែលកំពុងកើតឡើងនៅក្នុងអង្គភាព ឬសហគ្រាសផលិតកម្ម ធ្វើការកែលម្អជាបន្តបន្ទាប់ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ រួមមាន៖ មនុស្ស ម៉ាស៊ីន ឧបករណ៍ ថវិកា សេវា និងព័ត៌មានជាដើម។ល។

លោករដ្ឋលេខាធិការ បន្តទៀតថា ដើម្បីអនុវត្តវិធីសាស្ត្រនេះ ឲ្យទទួលបានជោគជ័យ ម្ចាស់សហគ្រាសផលិតកម្ម អាជីវកម្ម ចាំបាច់មានការយល់ដឹង ពីអត្ថប្រយោជន៍នៃផលិតភាព មានឆន្ទៈ និងទិសដៅពិតប្រាកដ សម្រាប់កែលម្អផលិតកម្ម អាជីវកម្ម ធ្វើយ៉ាងណាឱ្យកាន់តែមានការវិវត្តប្រសើរជាងមុន សំដៅកាត់បន្ថយថ្លៃដើមផលិតឲ្យមានភាពធន់ នៅក្នុងបរិបទថ្មីនេះ។

ជាមួយគ្នានេះ លោករដ្ខលេខាធិការ ក៏បានដាំផ្ញើដល់ បងប្អូន ក្មួយៗ និស្សិតទាំងអស់ ខិតខំយកចិត្តទុកដាក់ ស្វែងយល់ពីខ្លឹមសារនៃមេរៀន និងលើកជាសំណួរឲ្យបានផុលផុស ដើម្បីឲ្យវាគ្មិនយើង បកស្រាយពន្យល់ឲ្យបានកាន់តែច្បាស់លាស់ សម្រាប់យកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព៕