ទេសរដ្ឋមន្រ្តី អៀង មូលី បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០២៥
14-10-2026 16:15
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញបើកកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួង តាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បី ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០២៥។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដែលជាសមាជិកក្រុមការងារអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការជួបប្រជុំនៅថ្ងៃនេះគឺដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០២៥ មុននឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តី។
លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តាមការបញ្ជាក់ពី អង្គការយូអិនអេដស៍ កម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ (៩៥%នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩៥%នៃអ្នកផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានទទួលសេវាព្យាបាលនិងថែទាំមេរោគអេដស៍ និង៩៥%នៃអ្នកបានព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍មានបន្ទុកមេរោគអេដស៍កម្រិតទាប)។
លោកថា «យើងនៅមានការព្រួយបារម្ភអំពីការឆ្លងថ្មីក្នុងចំណោមយុវវ័យដែលមានអត្រាខ្ពស់ ហើយនៅតែមានហានិភ័យខ្ពស់ផងដែរ ដោយសារការមិនទទួលបានសារពីការបង្ការការចម្លងមេរោគអេដស៍។ យើងនឹងខិតខំរកវិធីដោះស្រាយ ដើម្បីឱ្យការបង្ការការចម្លងកាន់តែធ្លាក់ចុះ។ បន្ថែមលើនេះ យើងក៏មានកង្វល់ពីបញ្ហាថវិកាឆ្លើយតបនឹងមេរោគអេដស៍ ដោយសារសង្រ្គាម និងវិបត្តិដែលបានកើតឡើងជាបន្តបន្ទាប់ ព្រមទាំងការធ្លាក់ចុះនៃថវិកាជំនួយពីដៃគូអន្តរជាតិ។ ដូច្នេះបន្ទាប់ពីកិច្ចប្រជុំនេះយើងនឹងរៀបចំឱ្យមាន កិច្ចប្រជុំក្រុមការងារចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដើម្បីរកច្រកចេញបន្តទៀត»។
មុននឹងប្រកាសបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តីបានស្នើសមាជិកសមាជិកាកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងលើកសំណើប្រសិនបើមាន ដើម្បីឱ្យសេចក្តីព្រាងបានកាន់តែគ្រប់ជ្រុងជ្រោយ។ គួរបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងរបាយការណ៍ឆ្នាំ២០២៥រួមមាន ស្ថានភាពនៃមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា វឌ្ឍនភាពនៃការឆ្លើយតបនៅក្នុងឆ្នាំ២០២៥ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរនិងសេចក្តីសន្និដ្ឋាន៕
















