ក្រោយមានព័ត៌មានទារថ្លៃលក់ដូរពីអាជីវករជនជាតិភាគតិចនៅក្នុងផ្សារបានលុង, អាជ្ញាធរចុះសួរសុខទុក្ខ និងដោះស្រាយជូនបងប្អូន
14-10-2026 16:12
(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ធូ ឃឿ អភិបាលក្រុងបានលុង អមដោយលោកអភិបាលរងក្រុង, នាយករដ្ឋបាលសាលាក្រុង, ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងចៅសង្កាត់ឡាបានសៀក បានចុះសួរសុខទុក្ខ និងសាកសួរបងប្អូនជនជាតិដើមភាគតិច ដែលលក់ដូរនៅផ្សារជនជាតិដើមភាគតិច អំពីការបង់ថ្លៃប្រចាំថ្ងៃជូនក្រុមហ៊ុនផ្សារបានលុង។
លោក ធូ ឃឿអ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីតំណាងនាយកក្រុមហ៊ុនផ្សារបានលុង នៅទីស្នាក់ការផ្សារបានលុង និងបានពិភាក្សាលើ២របៀបវារៈ រួមមាន៖
*ទី១៖ ការកំណត់ការបង់ថ្លៃទីតាំងលក់ដូររបស់បងប្អូនជនជាតិដើមភាគតិច
*ទី២៖ ការរៀបចំសណ្តាប់ធ្នាប់ការចតរថយន្តតាមបណ្តោយផ្លូវចាប់ពីផ្លូវលេខ៦២ ដល់មុខផ្សារបានលុង។
*របៀបវារៈទី១៖ តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន, ការបង់ថ្លៃ ១០០០រៀល ក្នុង១ថ្ងៃ គឺសំដៅលើថ្លៃប្រើប្រាស់អគ្គីសនីបំភ្លឺចំពោះបងប្អូនជនជាតិដើមភាគតិចដែលមកលក់តាំងពីងងឹត ចំនួន ៥០០រៀល និងថ្លៃអនាម័យចំនួន ៥០០រៀល។ ប្រសិនបើមកលក់នៅពេលព្រឹក (ថ្ងៃរះច្បាស់) តម្រូវឱ្យបង់ត្រឹមតែថ្លៃអនាម័យចំនួន ៥០០រៀលប៉ុណ្ណោះ។
ដោយឡែក អ្នកលក់ដូរទូទៅនៅផ្សារជនជាតិដើមភាគតិច (យកអីវ៉ាន់មកលក់បន្ត) ត្រូវបង់ថ្លៃប្រចាំថ្ងៃសរុបចំនួន ១៥០០រៀល (ភាស៊ីចំនួន១០០០រៀល និងថ្លៃអនាម័យចំនួន៥០០រៀល)។
យោងតាមការពិភាក្សា ដើម្បីឱ្យមានតម្លាភាព លោកអភិបាលក្រុងបានលុង បានតម្រូវឱ្យក្រុមហ៊ុនរៀបចំស្លាកបង្ហាញអំពីមុខសញ្ញា នៃការបង់ថ្លៃសេវាប្រចាំថ្ងៃនៅផ្សារជនជាតិដើមភាគតិច ដោយបញ្ជាក់អំពីលក្ខខណ្ឌនានា (ម៉ោងពេលដែលតម្រូវឱ្យបង់ថ្លៃអគ្គិសនី, ថ្លៃអនាម័យ, ថ្លៃភាស៊ី) ដាក់តាំងនៅច្រកចូលផ្សារជនជាតិដើមភាគតិច យ៉ាងយូរត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។
*របៀបវារៈទី២៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ការចតយានយន្តតាមបណ្តោយផ្លូវចូលផ្សារបានលុង ក្រុមហ៊ុនត្រូវរៀបចំប្លង់ (3D) បង្ហាញអំពីគំនូសចំណតចាប់ពីផ្លូវលេខ៦២ដល់មុខផ្សារបានលុង ដើម្បីរដ្ឋបាលក្រុងរៀបចំ លិខិតស្នើ គោរពជូនលោកអភិបាលខេត្តពិនិត្យ និងសម្រេច មុននឹងការអនុវត្តការរៀបចំគំនូសចំណតជាក់ស្តែងដែលរាល់ការចំណាយជាបន្ទុករបស់ក្រុមហ៊ុនផ្សារបានលុង។
សូមបញ្ជាក់ថា ទីតាំងសម្រាប់លក់ដូរផ្សារបងប្អូនជនជាតិភាគតិចនេះមានទំហំ ៥៤គុណ១១០ម៉ែត្រ រាជរដ្ឋាភិបាលកាត់ចេញពីដែនវិនិយោគផ្សារបានលុងតាំងពីយូរមកហើយប៉ុន្តែមិនដឹងយ៉ាងមិចបានជាលោកឧកញ៉ាសា លាងម្ចាស់វិនិយោគផ្សារបានលុងហ្នឹងមានសិទ្ធិបញ្ជាកូនចៅដើរប្រមូលលុយថ្លៃអគ្គីសនី, ថ្លៃអនាម័យក្រៅដែនវិនិយោគបែបនេះ?៕






