រដ្ឋមន្ត្រី ហួត ហាក់ ជំរុញសមាគមទេសចរណ៍អាស៊ែបៃហ្សង់ ដែលមានសមាជិកជាង ៣០០ក្រុមហ៊ុន រៀបចំកញ្ចប់ទស្សនកិច្ចនាំភ្ញៀវទេសចរមកកម្ពុជា
14-10-2026 15:36
(អាស៊ែបៃហ្សង់)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (ATAA) ដែលមានសមាជិកជាង ៣០០ក្រុមហ៊ុនទេសចរណ៍ ដោយភាគីទាំងពីរបានឯកភាពគ្នាជំរុញការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា និងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរពីអាស៊ែបៃហ្សង់មកកម្ពុជាឱ្យកាន់តែច្រើន។
ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ រវាងលោក ហួត ហាក់ និងលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ព្រមទាំងសហការីជាន់ខ្ពស់ ក្នុងឱកាសលោករដ្ឋមន្ត្រីអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដោយផ្តោតលើការជំរុញឱ្យសមាគមទេសចរណ៍អាស៊ែបៃហ្សង់ រៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) មកកម្ពុជា ដើម្បីសិក្សាអំពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនានា។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើការរៀបចំដំណើរទស្សនកិច្ចខាងលើ ខណៈក្រសួងទេសចរណ៍កម្ពុជា នឹងជួយសម្របសម្រួល និងភ្ជាប់ទំនាក់ទំនងរវាងសមាគមទេសចរណ៍អាស៊ែបៃហ្សង់ ជាមួយសមាគម និងប្រតិបត្តិករទេសចរណ៍កម្ពុជា ដើម្បីបង្កើតឱកាសជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការអាជីវកម្មទេសចរណ៍។
កិច្ចសហការនេះ ក៏មានគោលដៅជំរុញការបង្កើតកញ្ចប់ទស្សនកិច្ចមកកម្ពុជា សំដៅបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិនរវាងប្រទេសទាំងពីរ ព្រមទាំងពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ប្រទេសអាស៊ែបៃហ្សង់ផងដែរ៕












