ប្រតិបត្តិការបង្ក្រាប Online Scams នាពេលកន្លងទៅ នគរបាលជាតិ៧៧នាក់ ត្រូវបានចាប់ ឃុំខ្លួនដាក់ពន្ធនាគារ និងបណ្តេញចេញពីក្របខណ្ឌ
14-10-2026 15:38
(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នាពេលកន្លងទៅនៅក្នុងប្រទេសកម្ពុជា មន្រ្តីនគរបាលចំនួន៧៧នាក់ ត្រូវបានឃាត់ខ្លួន ឃុំខ្លួនដាក់ពន្ធនាគារ និងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។
លោក រ៉េន រតនៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបោសសម្អាតបទល្មើសអនឡាញស្កេមយ៉ាងចាស់ដៃរហូតមកដល់ពេលនេះ។ ជាលទ្ធផល មេខ្លោងធំៗ ត្រូវបានចាប់ខ្លួន ខ្លះជាប់ពន្ធនាគារនៅស្រុកខ្មែរ ខ្លះបញ្ជូនទៅជាប់ឃុំនៅប្រទេសកំណើត។
លោកបន្តថា «ទីតាំងធំៗត្រូវបានបិទទ្វារ ហើយជនបរទេសពាក់ព័ន្ធ ក៏ត្រូវបានបណ្ដេញចេញ និងស្ម័គ្រចិត្តចេញ ប្រមាណជាង៤សែននាក់»។ អ្នកនាំពាក្យរូបនេះ បានបន្តថា «មន្រ្តីស៊ីវិលក្ដី មន្រ្តីកងកម្លាំងក្ដី ត្រូវបានឃាត់ខ្លួន ជាប់ពន្ធនាគារ (ក្នុងនោះនគរបាលជាតិមាន៧៧នាក់)» ដែលនគរបាលខ្លះត្រូវបានបណ្តេញចេញពីក្របខណ្ឌ។
លោកថ្លែងទៀតថា ជាលទ្ធផល សន្និសីទអន្តរជាតិនៅភ្នំពេញ ដែលមានការចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងតំណាងស្ថាប័នអន្តរជាតិ ដូចជា FBI និងអាំងទែប៉ូលជាដើម សុទ្ធតែបានឡើងថ្លែង ឡើយបញ្ចេញទស្សនៈ និងជាពិសេសបានចុះហត្ថលេខាគាំទ្រសេចក្ដីប្រកាសភ្នំពេញ កាលពីខែកញ្ញា ដែលបញ្ជាក់ច្បាស់ពីការទទួលស្គាល់ការខិតខំ និងលទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបោសសម្អាតស្កេម។
យ៉ាងណាក៏ដោយ សម្រាប់អ្នកនាំពាក្យរូបនេះ បានទទួលស្គាល់ថា បទល្មើសនេះនៅតែបន្តកើតមាន ដោយមានជាលក្ខណៈតូចៗ ឬមានអ្នកព្យាយាមចង់ធ្វើលក្ខណៈទ្រង់ទ្រាយធំ។ ប៉ុន្តែសមត្ថកិច្ចដាច់ខាត ត្រូវតែបោសសម្អាត និងផ្ដាច់ខ្សែច្រវ៉ាក់ទាំងអស់នៅពេលទទួលបានព័ត៌មានភ្លាម៕








