លោក ឡាំ ហេងហួត និងលោក ខូយ រីដា ចុះវាយតម្លៃផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ និងត្រៀមអន្តរាគមន៍ជំនួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗខាងមុខ (Video inside)
14-10-2026 15:02
(ពោធិ៍សាត់)៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) រួមជាមួយ លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូចុះពិនិត្យ និងវាយតម្លៃផ្ទាល់ អំពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំឈើតុំ ស្រុកក្រគរ ព្រមទាំងរៀបចំផែនការអន្តរាគមន៍ផ្តល់ស្បៀងជួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋរងគ្រោះនាពេលឆាប់ៗខាងមុខ។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោករដ្ឋមន្ត្រីប្រតិភូ និងលោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ និងបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ថ្នាក់ដឹកនាំបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយម្នាក់ឯងដោយគ្មានការយកចិត្តទុកដាក់ ឬដាច់ស្បៀងអាហារនោះឡើយ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំបានលើកឡើងថា ដោយសារភ្លៀងនៅតំបន់ផ្នែកខាងលើ ភ្លៀងនៅតែបន្តធ្លាក់ ដែលអាចធ្វើឱ្យទឹកហូរធ្លាក់ចុះមកបន្ថែមទៀត ដូច្នេះត្រូវត្រៀមលក្ខណៈជម្លៀសទៅកាន់ទីទួលសុវត្ថិភាព នៅពេលមានអាសន្ន។
ថ្នាក់ដឹកនាំបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យល្អ រក្សាការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយទឹកជំនន់។ ក្នុងករណីមានអាសន្ន ឬមានបញ្ហាសុខភាព ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យជាបន្ទាន់។ ត្រូវមើលថែកូនចៅតូចៗឱ្យបានល្អ ប្រយ័ត្នក្រែងលង់ទឹក ឬមានសត្វអាសិរពិសផ្សេងៗចែងខាំក្នុងអំឡុងពេលទឹកជំនន់។
ស្របគ្នានៃជំនន់ទឹកភ្លៀងនោះ មន្ទីរពេទ្យបង្អែកស្រុកក្រគរ ក៏ទទួលរងការជន់លិចយ៉ាងដំណំផងដែរ។ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានសហការគ្នាយ៉ាងស្រស្រាក់ស្រាំ ក្នុងការធ្វើអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋជាអ្នកជំងឺ ចំនួន១៥២នាក់ ដោយសុវត្ថិភាព។ បច្ចុប្បន្នអ្នកជំងឺទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន រួមមាន៖ សាលាស្រុកក្រគរ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ដើម្បីទទួលបានការស្នាក់នៅ ការមើលថែទាំ និងបន្តការព្យាបាលប្រកបដោយសុវត្ថិភាព។
បើតាមរបាយការណ៍ របស់រដ្ឋបាលស្រុកក្រគរ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ ឃុំចំនួន១១ (ស្មើនឹង ៤៧ភូមិ) បានទទួលរងផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋ ចំនួន១,៣២៤គ្រួសារ, ផ្លូវថ្នល់រងការលិចលង់ ៥៧ខ្សែ ប្រវែងសរុប១៧,៥៣៥ម៉ែត្រ)។ ភូមិទាំង៦ ក្នុងឃុំឈើតុំ ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺភូមិកប៉ាស់លើ, ភូមិកប៉ាស់, ភូមិបំណក់, ភូមិដង្កៀបក្ដាម, ភូមិទួលត្បែង និងភូមិក្រាំងខឿន ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ សរុប៩៥៦គ្រួសារ៕


















































