ក្រុងដូនកែវ ទទួលបានជ័យលាភីជាក្រុងទេសចរណ៍គ្មានផ្សែងបារី ជាសមិទ្ធផលរួមរបស់ប្រជាពលរដ្ឋ
14-10-2026 14:50
(តាកែវ)៖ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ និងទទួលបានវិញ្ញាបនបត្រជ័យលាភី «ក្រុងដូនកែវជាក្រុងទេសចរណ៍គ្មានផ្សែងបារី» ពីក្រសួងទេសចរណ៍។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះ លោក វ៉ី សំណាង បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនមែនជាជ័យជម្នះរបស់បុគ្គល ឬស្ថាប័នណាមួយឡើយ ប៉ុន្តែជាសមិទ្ធផលរួមរបស់ប្រជាពលរដ្ឋទូទាំងក្រុងដូនកែវ និងខេត្តតាកែវទាំងមូល។ លោកបានបន្តថា ការទទួលបានជ័យលាភី និងការប្រកាសទទួលស្គាល់នាពេលនេះ គឺជាជំហានចាប់ផ្តើមដ៏សំខាន់មួយ ខណៈដែលការរក្សាបាននូវគុណតម្លៃនៃ «ក្រុងទេសចរណ៍គ្មានផ្សែងបារី» ឱ្យមាននិរន្តរភាព និងកាន់តែប្រសើរឡើង គឺជាភារកិច្ចដ៏សំខាន់ និងប្រឈមថែមទៀត ដែលទាមទារការចូលរួមពីគ្រប់ភាគី។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ផ្សែងបារីមិនត្រឹមតែបំផ្លាញសុខភាពរបស់អ្នកជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលបានស្រូបផ្សែងបារីពីគេផងដែរ។ ដើម្បីរក្សានិរន្តរភាពនៃជ័យលាភីនេះ និងឈានទៅពង្រីកវិសាលភាព «គ្មានផ្សែងបារី» ទៅកាន់ស្រុកផ្សេងៗទៀតក្នុងខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តអនុក្រឹត្យស្តីពី «វិធានការហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ» ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ឱ្យបានខ្ជាប់ខ្ជួន។
ការអនុវត្តវិធានការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថានទេសចរណ៍ប្រកបដោយនិរន្តរភាព៕










